(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ ដល់តារាចម្រៀង មាស សុខសោភា ដែលបាន ចូលរួមសកម្មភាព ថែរក្សាព្រៃឈើ និងធនធានធម្មជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា «សូម្បីតែកន្លងមក កញ្ញា មាស សុខសោភា ចុះទៅបំបួសដើមឈើអាហ្នឹង គឺជាផ្នែកមួយ ដែលត្រូវតែ ជំរុញចលនាមួយហ្នឹង ឲ្យដើរទៅមុខ។ បានអ្នកចំរៀងដ៏ល្បីល្បាញម្នាក់ចូលរួម នៅក្នុងចលនាមួយហ្នឹង និងទាញអ្នកដទៃទៀត ឲ្យចូលរួមនៅក្នុងចលនាហ្នឹង ដូចគ្នា ជួនកាលអ្នកចំរៀងល្បីៗផ្សេងទៀត ក៏ចូលរួមនៅក្នុងចលនាហ្នឹងដែរ ហើយតារាភាពយន្តល្បីៗ ទៅធ្វើ Concert តែមួយយប់ទេ បន្ទាប់មកនាំគ្នាចូលរួម ដាំដើមឈើ ដែលនាំឲ្យមានផលប្រយោជន៍ និងរីកចម្រើននៃការដាំដើមឈើរបស់យើង។ យើងមិនត្រឹមតែការពារព្រៃដែលមាននោះទេ យើងក៏ត្រូវ ដាំបន្ថែមទៀតដែរ»។
ការថ្លែងសរសើរពីសំណាក់ សម្តេចតជោ ទៅកាន់តារាចម្រៀង មាស សុខសោភា គឺធ្វើឡើង ក្រោយពីសង្កេតឃើញថា កញ្ញា មាស សុខសោភា បានចូលរួមសកម្មភាពជាច្រើន ក្នុងការដាំដើមឈើ និងធនធានធម្មជាតិ និង ចូលរួមថែរក្សាព្រៃឈើជាមួយសិល្បៈករ សិល្បការិនី រួមនឹងក្រុមការងារមួយចំនួនទៀត៕