(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើនៅកម្ពុជា។ ជាមួយគ្នានេះសម្តេចតេជោក៏បាន លើកឧទាហរណ៍ពីរឿងដែលកញ្ញា ធី សុវណ្ណថា បានចុះទៅតំបន់អារ៉ែងកន្លងមកដើម្បីការពារព្រៃឈើ។
នៅក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ រាជរដ្ឋាភិបាលនឹងលើកទឹកចិត្តប្រជាពលរដ្ឋ ដែលការពារព្រៃឈើ ប៉ុន្តែមិនគាំទ្រឱ្យមានការកាប់ឈើទេ។
សម្តេចថា «កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេង Facebook គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អញ្ចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ អត់មានអ្វីខុសទេ ឱ្យតែជួយការពារព្រៃឈើ កុំតែជួយកាប់ឈើ»។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានទៅកាន់តំបន់អារ៉ែង កាលពីឆ្នាំមុន ជាមួយនឹងយុវជនជាច្រើននាក់។ នៅទីនោះនាងបានសាងសង់បង្គន់អនាម័យ រួមទាំងសមិទ្ធផលមួយចំនួនទៀតផងដែរ៕