(ក្រចេះ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា “កយកា” សហការជាមួយអង្គការឆាលហ្វាន កូរ៉េ និងអង្គការឆាលហ្វានកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសបន្តភាពជាដៃគូសហប្រតិបត្តិការជំហានទី២ ក្នុងការពង្រឹងប្រព័ន្ធអប់រំសម្រាប់សាលាបឋមសិក្សាជនបទនៅខេត្តក្រចេះបន្តទៀត ដែលគម្រោងនេះមានឈ្មោះថា «ងាយស្រួលរៀន» ដោយបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ និងបានបន្ត៣ឆ្នាំទៅមុខទៀតពីឆ្នាំ២០២៣ ដល់ ២០២៥។

លើកឡើងនាឱកាសនោះលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានសម្តែការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ដៃគូអភិវឌ្ឍទាំងអស់ ក៏ដូចជា កយកា ,អង្គការកាហ្វដុក និងឆាលហ្វានកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរ ក្នុងការលើកកម្ពស់វិស័យអប់រំ ដែលជាវិស័យអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៦នេះ។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វានកម្ពុជា តំណាងឲ្យអង្គការដៃគូរ និងម្ចាស់ជំនួយ បានឲ្យដឹងថា “កយកា” បានព្រមព្រៀងផ្តល់ជំនួយជាថវិកាចំនួនជាង ១លាន៤សែន ដុល្លារអាមេរិច ដល់អង្គការឆាលហ្វានកម្ពុជា តាមរយៈអង្គការឆាលហ្វានកូរ៉េ ដើម្បីបន្តអនុវត្តគម្រោងលេចធ្លោរបស់ខ្លួន «ងាយស្រួលរៀន» សម្រាប់រយៈពេលបីឆ្នាំទៅមុខទៀត ។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសិក្សារបស់សិស្សក្នុងសាលាបឋមសិក្សាចំនួន១៧ នៅក្នុងស្រុកឆ្លូងនៃខេត្តក្រចេះ ក្នុងនោះសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទ ហៅកាត់ថា «កាហ្វដុក» ដែល មានមូលដ្ឋាននៅខេត្តក្រចេះ បាននឹងទទួលអនុវត្តគម្រោងនេះក្នុងនាមជាអង្គការដៃគូរបស់អង្គការឆាលហ្វានផងដែរ ។

លោកបន្តថាកុមារ គ្រូបង្រៀន និងសហគមន៍ប្រមាណជាង ២៩ ០០០នាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងទទួលផលពីគម្រោងនេះ គិតត្រឹមឆ្នាំ២០២៥ ។ គម្រោងនេះមានទិសដៅពង្រឹងលើគុណភាពនៃការអប់រំ និងការផ្ដល់ឱកាសដល់កុមារ គ្រប់រូបឱ្យទទួលបានការអប់រំ នឹងប្រើប្រាស់វិធីសាស្ត្រជាច្រើនរួមមាន៖ កម្មវិធីសិស្សធំជួយសិស្សតូច កម្មវិធីបំពាក់ក្នុងថេប្លែត(tablets) សម្រាប់ការសិក្សាបែបឌីជីថល, កម្មវិធីសិក្សាកុំព្យូទ័រ កម្មវិធីបំប៉នសមត្ថភាពគ្រូលើបច្ចេកទេស បែបកុមារមេត្រី ។ នឹងបន្តវិនិយោគលើការសាងសង់អគារសិក្សា និងបំពាក់បរិក្ខារទំនើបៗ ដើម្បីបង្កើតបាននូវបរិយាកាស សិក្សាមួយដែលមានភាពទាក់ទាញ ទំនើប បែបកុមារមេត្រី និងពង្រឹងការងារដឹកនាំគ្រប់គ្រងសាលារៀនផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា ការអភិវឌ្ឍន៍ធនធានមនុស្ស ជាផ្នែកអាទិភាពមួយសម្រាប់ «កយកា» និងបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុត នៅក្នុងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយបរិយាបន្ននៅកម្ពុជា ក្រោមពាក្យស្លោកថា «មិនទុកនរណាម្នាក់ចោល» ហើយបើទោះជាយើងទាំងអស់គ្នា បានជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ យើងនៅតែអាចចូលរួមក្នុងការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារនៅក្នុងស្រុកឆ្លូង ក្នុងគម្រោងដំណាក់កាលទីមួយ។

លោក ប្រាស្សាន វើម៉ា ក៏បានបង្ហាញក្តៅសង្ឃឹមថា គម្រោងដំណាក់កាលទីពីរនេះ នឹងបន្តផ្តល់ដល់កុមារក្នុងស្រុកឆ្លូង នូវភាពរីករាយក្នុងការសិក្សារៀនសូត្រ និងបន្តផ្តល់ការអប់រំប្រកបដោយបរិយាកាសសុវត្ថិភាព និងមានគុណភាពដល់ពួកគេផងដែរ៕