(ភ្នំពេញ)៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឍមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំនូវមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា លើកទី១២ ដែលជាកម្មវិធីវប្បធម៌ដ៏ធំមួយ ក្នុងចំណោមកម្មវិធីធំៗនានា នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្ដភាព ជប៉ុន-កម្ពុជា។

ពិធីនេះ មានការចូលរួម ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, លោក តាកិអ៉ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន, លោក ចាន់ រតនា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោកស្រី ប៉េន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២មក មហោស្រព គីហ្សូណា ផ្ដល់ជូននូវឱកាសមួយសម្រាប់ប្រជាជនកម្ពុជា និងជប៉ុនជាច្រើននាក់ ដើម្បីទទួលបានបទពិសោធន៍ ដ៏មានតម្លៃពីទម្រង់បែបប្រពៃណី និងទំនើបនៃសិល្បៈខ្មែរ-ជប៉ុន ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ទស្សនិកជន និងស្វែងយល់ពីសកម្មភាពសិក្សាសហការគ្នា តាមរយៈសិល្បៈ និងសិល្បៈច្នៃប្រឌិត។

លោកសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណចំពោះ «មហោស្រព គីហ្សូណា ២០២៣» ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាន នូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា, រឹតចំណងមិត្ដភាពល្អរបស់យើង ហើយវាក៏បានដើរតួនាទីមួយ ក្នុងការនាំយកឲ្យយើងទាំងអស់គ្នា នូវមនុស្សដែលមានវប្បធម៌ចម្រុះគ្នា រួមទាំងនិស្សិកម្ពុជា និងជប៉ុន។

លោក តាកិអ៉ិ ស៊ុនស៊ុកិ បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្ដភាពជប៉ុន និងកម្ពុជា ក្នុងរយៈពេល៧០ឆ្នាំមកនេះ ចំណងមិត្ដភាពរឹងមាំ របស់ប្រទេសទាំងពីរ បានរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្ដិការ ក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោក តាកិអ៉ិ ស៊ុនស៊ុកិ បានបន្ថែមទៀតថា ថ្មីៗនេះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដ៏គួរឲ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន តំបន់សក្ដានុពលនៃកិច្ចសហប្រតិបត្ដិការរបស់យើង កំពុងត្រូវបានពង្រីកជាបន្ដបន្ទាប់។

លោក ចាន់ រតនា បានគូសបញ្ជាក់ថា មហោស្រពគីហ្សូណា គឺជាព្រឹត្ដិការណ៍ពិសេសមួយប្រចាំឆ្នាំ ដែលបានរៀបចំឡើងតាំងពីឆ្នាំ១៩៩២មក ដោយបានរួមបញ្ចូលនូវសកម្មភាពនានា ដូចជា ការសម្ដែងវប្បធម៌ ការតាំងពិព័រណ៌ និងសិក្ខាសាលា។

លោក ចាន់ រតនា បានលើកឡើងថា មហោស្រពនេះ បានដើរតួរយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ដ និងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក្នុងផ្នែកវប្បធម៌ និងអប់រំ ក៏ដូចជាទំនុកចិត្ដ និងការយល់ដឹងពីគ្នាទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ។

ដោយឡែក លោកស្រី ប៉េន មុនីមករា បានឲ្យដឹងថា ឆ្នាំ២០២៣នេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅ ដោយត្រូវបានផ្លាស់ប្ដូរពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ដ្រ ទៅជាទំនាក់ទំនងភាពដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយការផ្លាស់ប្ដូរទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ជាបន្ដ។

លោកស្រីថា ក្នុងរយៈពេល៧០ឆ្នាំនេះ ប្រទេសទាំងពីរ បានឆ្លងកាត់នូវប្រវត្ដិសាស្ដ្ររួមគ្នាជាច្រើន និងធ្លាប់បានជួយគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីនាំយកមកវិញនូវសុខសន្ដិភាព ការអភិវឌ្ឍន៍ និងការរីកចម្រើន ដែលមានជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នាដ៏ល្អ ជាមិត្ដភក្ដិដ៏ល្អដែលបានជួយគ្នាទៅវិញទៅមកនាគ្រាលំបាក។

សូមជម្រាបថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១២ បានប្រព្រឹត្តឡើងនៅ CJCC ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជួយឲ្យប្រជាជន បានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន តាមរយៈការចូលរួមកម្មវិធីនានា ក្នុងមហោស្រពនេះ៕