(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកពួកគេមកវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលនឹងបង្ហាញនៅថ្ងៃស្អែក។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹផងដែរថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តស្វែងរកអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សីបន្តទៀតនៅតាមសាលានាថ្ងៃស្អែកនេះ។

ជាមួយនឹងរកឃើញអ្នកប៉ះពាល់នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំងសុខភាព និងអនុវត្តន៍តាមការណែនាំទាំងឡាយរបស់មន្ត្រីជំនាញ។