(ភ្នំពេញ)៖ ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣​ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាល និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ ជាច្រើនរយនាក់ដោយឥតគិតថ្លៃ ដែលនេះជាកាយវិការសប្បុរសធម៌​ និងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បញ្ហាសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានជំនឿជឿជាក់យ៉ាងខ្លាំង លើគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំដោយរាជរដ្ឋាភិបាល ប្រកបដោយភាពរីកចម្រើន ជាពិសេសបានផ្តល់ឱកាសដល់យុវជនក្នុងការធ្វើធុរកិច្ច និងការវិនិយោគ ក្នុងការចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

លោក នួន ផារ័ត្ន បានឱ្យដឹងទៀតថា ជុំវិញផែនសហគ្រិនវ័យក្មេងនេះ ពួកគាត់សុទ្ធតែមានមុខរបររកស៊ីទទួលទាន និងប្រកបដោយជោគជ័យ ជាក់ស្តែងលោកស្រីវេជ្ជបណ្ឌិត ម៉ៅ ដានី ដែលជានាយិកាបន្ទប់ពិគ្រោះយោបល់ និងពិនិត្យរោគស្រ្តី ដែលចុះមកពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាសហគ្រិនមួយរូបដែលទទួលបានជោគជ័យ ទើបគាត់មានលទ្ធភាព ចុះជួយព្យាបាលដោយឥតគិតថ្លៃ ដែលកាយវិការដ៏ប្រពៃនេះបានបង្ហាញឲ្យឃើញពីការរីកចម្រើននៅក្នុងសង្គមបច្ចុប្បន្ន។

លើកឡេីងនាឱកាសនោះដែរលោកស្រីវេជ្ជបណ្ឌិត ម៉ៅ ដានី បានឱ្យដឹងដែរថា នេះជាលើកទី២ហើយ ដែលលោកស្រី បានដឹកនាំក្រុមគ្រូពេទ្យចុះ ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បញ្ហាសុខភាព។

លោកស្រី បានបន្ថែមថា បញ្ហាសុខភាពគឺជាកត្តាចម្បងរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រសិនយើងមិនមានការយល់ដឹងច្រើនពីបញ្ហាសុខភាព ការតាមដាន និងថែទាំសុខភាពនោះទេ ពេលមានជំងឺធ្ងន់ធ្ងរ ច្បាស់ណាស់ត្រូវការសម្រាកព្យាបាល ដែលនាំឲ្យខាតបង់ពេលវេលា ការងារ និងការចំណាយលុយកាត់ ជាក់ស្តែងកម្មវិធីសម្បុរសធម៌នេះ គឺជាការផ្សាភ្ជាប់ជាមួយគណបក្សប្រជាជនកម្ពុជា ជួយដល់ប្រជាជនកម្ពុជា និងបានបង្ហាញឲ្យឃើញថាក្រៅពីការធ្វើអាជីវកម្ម ផែនសហគ្រិនវ័យក្មេង តែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់បញ្ហាសុខភាពនៅកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ម៉ៅ ដានី បានបញ្ជាក់ឲ្យដឹងថា ជុំវិញការចុះពិនិត្យ និងព្យាបាលនេះ ជាលើកទី១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះព្យាបាលជូនប្រជាពលរដ្ឋបានជិត ៣០០នាក់ ចំណែកលើកទី២នេះ ក្រុមគ្រូពេទ្យទាំងអស់ បានខិតខំជួយពិនិត្យនិងព្យាបាលអស់លទ្ធភាព ខណៈប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ដែលសរុបមានចំនួនជិត​ ៦០០នាក់​ ហើយបេសកកម្មនេះនឹងចុះព្យាបាលជាបន្តបន្ទាប់ទៀត ក្នុងនោះប្រសិនប្រជាពលរដ្ឋខកខាន ឬមានបញ្ហាសុខភាពផ្សេងៗ អាចទាក់ទងទៅកាន់បន្ទប់ពិគ្រោះរបស់លោកស្រីវេជ្ជបណ្ឌិតផ្ទាល់បាន៕