(កែប)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ប្រកាសស្តីពីការកំណត់កម្រិតសាធនភាពសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង» ដែលប្រព្រឹត្តទៅនៅខេត្តកែប។

សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី តាន់ លីនណា អគ្គនាយករងនៃ ន.ធ.ក. តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អមដោយលោកស្រីប្រធាននាយកដ្ឋានត្រួតពិនិត្យ និងមន្ត្រីជំនាញ ន.ធ.ក. ព្រមទាំងមានការចូលរួមពីតំណាងសមាគម៍ធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលកំពុងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារប្រកាស ក៏ដូចជាលើកកម្ពស់ការចូលរួមអនុវត្តច្បាប់ ពីសំណាក់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រង៕