(កោះកុង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា​ ក្រោយការចុះត្រួតពិនិត្យលើដំណើរការសាងសង់ និងបានធ្វើតេស្តផ្លូវជាតិលេខ៤៨​ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ ដំណេីរការសាងសង់សម្រេចបានទេីបតែបាន​ ​២១​ភាគរយ​ និងយឺតជាងផែនការកំណត់រហូតដល់​ ១២ភាគរយ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះនាថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវ បានរឹងមាំប្រើប្រាស់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានបន្ថែម​ថា គម្រោងសាងសង់ផ្លូវជាតិ​លេខ៤៨នេះ ក្រៅពីធ្វេីយឺតជាងផែនការកំណត់ដោយសារតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជំងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យាហើយនោះ ក៏ក្រសួងនៅតែរកឃេីញមានបញ្ហាបច្ចេកទេសមួយចំនួនថែមទៀត​ ហេីយក្រុមសាងសង់ក៏បានសន្យា​ នឹងធ្វេីការកែប្រែបន្ថែមឱ្យបានត្រឹមត្រូវតាមផែនការកំណត់វិញ តាមរយៈការបន្ថែមគ្រឿងចក្រ និងបន្ថែមក្រុមការងារផងដែរ។

ពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨នេះដែរ ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់បានដកខ្លួនចេញពីគម្រោងការងារនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មិនមានរឿងដូចដែលលេចលឺនោះឡើយ។ ជាក់ស្តែងក្នុងពេលនេះស្រាប់ យើងបានឃើញហើយថា ក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារយ៉ាងសកកម្មទៅតាមផែនការ បើទោះបីជាមានបញ្ហាប្រឈមបន្តិចបន្តួច ដូចដែលបានរៀបរាប់ខាងលើ ដែលនាំឱ្យមានការយឺតយ៉ាវក៏ដោយ។

សូមជម្រាបជូនថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុប ប្រមាណ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុងក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រនិងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែង និងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

ផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍ នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕