(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានណែនាំរដ្ឋមន្ដ្រីតាមបណ្ដាក្រសួង និងថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនចំនួនស្ដ្រីនៅពេលតែងតាំងមុខតំណែង។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា បច្ចុប្បន្ននេះចំនួនស្ដ្រីក្នុងជួរតួនាទីជាថ្នាក់ដឹកនាំ នៅតាមបណ្ដាអង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់មានចំនួនតិចនៅឡើយ មិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែង។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្ដេចសង្កេតឃើញនៅពេលប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ដ្រី ដោយការស្នើសុំតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក គឺមានចំនួនស្ដ្រីតិចពេក សូម្បីតែអភិបាលរងខេត្ត ដែលទើបតែងតាំងថ្មីមួយរយៈពេលមកនេះ ក៏មានចំនួនស្ដ្រីតិចនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការស្នើសុំតែងតាំងនូវមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក មានស្ដ្រីតិចពេកហើយនេះជាបញ្ហាដែលខ្ញុំសុំរំលឹក [...] ខ្ញុំសូមផ្ដាំផ្ញើមិនទាន់ហួសពេលទេ នៅពេលខាងមុខត្រូវយកចិត្តទុកដាក់បន្ថែម»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះទាំងសម្ដេចផ្ទាល់ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់អំណាច​ដើម្បីឲ្យមូលដ្ឋានជាអ្នកជ្រើសរើសតាមរយៈគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ប៉ុន្ដែសំណើស្នើពីមូលដ្ឋានមកមិនបានឆ្លុះបញ្ចាំងអំពីតម្រូវការបញ្ហាយេនឌ័រនោះទេ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តថា ក្នុងករណីខ្វះចំនួនស្ដ្រីដែលត្រូវតែងតាំង លើកលែងតែជំនាញឯកទេសនោះ គួរជ្រើសរើសចេញពីគ្រូបង្រៀន ឬសាស្ដ្រាចារ្យអាចជាប្រភពនៃការជ្រើសរើស ហើយអាចផ្ទេរក្របខ័ណ្ឌដើម្បីឲ្យទទួលជាអភិបាលរងខេត្ត ឬអភិបាលរងស្រុកបាន។ ដោយឡែក សម្រាប់ថ្នាក់ជាតិវិញ រដ្ឋមន្ដ្រីតាមក្រសួងស្នើទៅសម្ដេចក៏មានចំនួនស្ដ្រីតិចដូចគ្នាដែរ ហើយពេលខ្លះសម្ដេចរុញបញ្ចូលស្ដ្រីដោយខ្លួនឯងទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា ថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័នទាំងអស់ គួររកវិធីតែងតាំងមុខតំណែងថ្មីជាស្ដ្រីឲ្យបានច្រើនជាងនេះ ហើយមិនមែនជាការឃោសនាបោះឆ្នោតអ្វីនោះទេ ពោលត្រូវធ្វើឲ្យក្លាយទៅជាស្ថានភាពជាក់ស្ដែង។ សម្ដេចបានសង្កត់ធ្ងន់ថា ការជួយដល់ស្ដ្រី ប្រៀបដូចជាការជួយខ្លួនឯងដូច្នេះដែរ។

ដើម្បីតម្លាភាពក្នុងការតែងតាំងមុខតំណែងជូនស្ដ្រីនេះទៀតសោត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណីនៅតាមក្រសួង ស្ថាប័ន អង្គភាពនោះ មានស្ដ្រីច្រើនអាចជ្រើសរើសតាមរយៈការប្រឡងផ្ទៃក្នុង។ សម្ដេចតេជោបន្ថែមថា ប្រសិនបើតែងតាំងមុខតំណែងឲ្យស្ដ្រីហើយនោះ ត្រូវតែផ្ដល់ការងារឲ្យធ្វើដូចគ្នាផងដែរ៕