(ភ្នំពេញ)៖​​ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងសារលិខិតរបស់ ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវសេចក្ដីអបអរសាទរជូន សម្តេច ធម្មវិសុទ្ធវង្សា និងសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ ព្រះពុទ្ធសាសនា និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា»

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានជូនពរបវរមហាប្រសើរ ជូនសម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕