(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងពីការចោទសួរទៅកាន់បរទេសវិញ នៅពេលពួកគេលើកឡើងពីករណីដែលកម្ពុជាបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។ សម្តេចតេជោ ចោទសួរថា តើការផ្សាយព័ត៌មានមិនពិត ជាសិទ្ធិបញ្ចេញមតិ ឬយ៉ាងណា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានក្លែងបន្លំ ពិភពលោកទាំងមូលគេកំពុងប្រយុទ្ធប្រឆាំងជាមួយវា។ ដូច្នេះ មិនត្រូវទុកឲ្យវារស់ នៅលើទឹកដីកម្ពុជាទេ ព្រោះអានេះវាអាក្រក់ វាសាហាវ។ វាមិនមែនជាដំណើរការប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិទេ។ បរទេសមួយចំនួន បានជួបខ្ញុំ ខ្ញុំបានចោទសួរថា តើអាហ្នឹងជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ ដែលពិភពលោកកំពុងតែស្អប់ខ្ពើម និងលុបបំបាត់? ឆ្លើយជាមួយខ្ញុំ អត់រួចទេ»។
ជាមួយគ្នានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណល (Channel) របស់ថេឡេក្រាម (Telegram) ផ្ទាល់ខ្លួនផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើសិនជាឃើញមានសកម្មភាពល្អ សម្តេចនឹងបញ្ជូនព័ត៌មានោះ ចូលទៅក្នុងឆាណលរបស់ថេឡេក្រាម របស់សម្តេចតែម្តង។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។
ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណ VOD និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស៕