(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជំរុញឱ្យស្ថាប័នថ្នាក់ជាតិបន្តផ្ទេរអំណាចទៅឱ្យថ្នាក់មូលដ្ឋាន ដោយរាប់ទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការគ្រប់គ្រងការងារនៅមូលដ្ឋាន ជាពិសេសដំណាក់ដែលកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដែលថ្នាក់មូលដ្ឋាន បានបំពេញកាតព្វកិច្ចរបស់ខ្លួន បានយ៉ាងជោគជ័យ ដោយរាប់ទាំងការគ្រប់គ្រងគ្រោះមហន្តរាយតាមមូលដ្ឋានផងដែរ។
សម្តេចបានលើកឡើងថា៖ «ចំណុចនេះ ជាចំណុចដែលខ្ញុំនៅតែជំរុញ លើកទឹកចិត្តឱ្យបន្ត ការជំរុញដំណើរការបែងចែកមុខងារផ្ទេរអំណាចទៅឱ្យមូលដ្ឋាន ហើយការផ្ទេរអំណាចនេះ រាប់ទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ»។
ការជំរុញបន្ថែមលើចំណុចនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានណែនាំឱ្យក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបន្ត ខិតខំប្រឹងប្រែងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាឱ្យដំណើរការកែទម្រង់នេះសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងនោះត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខណ្ឌច្បាប់ យន្តការ វិធានការ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញកន្លងមក ដើម្បីកែលម្អ ឱ្យបានសមស្របជាមួយនឹងវឌ្ឍនភាពនៃការកែទម្រង់នេះ និងដើម្បីលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕