(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវគោលការណ៍ណែនាំចំនួន៩ចំណុចបន្ថែមទៀត ដល់ក្រសួងមហាផ្ទៃ សម្រាប់ជាទិសដៅការងារនៅក្នុងឆ្នាំ២០២៣​នេះ។

ការផ្តល់នូវគោលការណ៍ណែនាំបន្ថែមនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងផ្លូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន សមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២២ កន្លងមកនេះ។ ជាមួយគ្នានេះ សម្តេចក៏ផ្ដល់នូវគោលការណ៍ណែនាំមួយចំនួនបន្ថែមលើទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

ទី១៖ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំង បន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ទី២៖ ឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសំខាន់ៗ រួមមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ចំពោះការរៀបចំការបោះឆ្នោត ក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.ប ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាពល្អប្រសើរ។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ទាំងនេះ រួមទាំងសុវត្ថិភាពចំពោះកីឡាករ និងអ្នកចូលរួមទាំងក្នុង និង ក្រៅប្រទេស។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវជំរុញការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ សោភ័ណភាព និងអនាម័យឱ្យបានល្អប្រសើរ។

ទី៣៖ កងកម្លាំងនគរបាលជាតិត្រូវខិតខំបន្តអភិវឌ្ឍ សមត្ថភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

ទី៤៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គម។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ តាមទីក្រុង ទីប្រជុំជន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមបង្ការគ្រោះថ្នាក់ក្នុងសង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្មផលិតកម្ម និងត្រូវបង្កើនការបំផុស អប់រំប្រជាជនឱ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន ។

ទី៥៖ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាព អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងការគ្រប់គ្រងឆ្លើយតប ចំពោះគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតនានា នៅតាមមូលដ្ឋាននីមួយៗ។

ទី៦៖ ក្នុងរយៈពេល២-៣ ឆ្នាំចុងក្រោយនេះ ការផលិត និងការចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មានការកើនឡើងគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងពិភពលោក ខ្ញុំសូម ជំរុញលើកទឹកចិត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ធ្វើការសិក្សាឡើងវិញអំពីក្របខ័ណ្ឌច្បាប់ គោលការណ៍ និងវិធានការក្នុងការបង្ការទប់ស្កាត់ការលួចកែច្នៃផលិត ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ទី៧៖ ត្រូវបង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងខុសច្បាប់ និងតាមច្រកសមុទ្រ ដើរទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង ជនបរទេស ព្រមទាំងពង្រឹងការគ្រប់គ្រង និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវរួមគ្នាសហការអនុវត្តការងារ អធិការកិច្ចហត្ថពលកម្មបរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំផ្សព្វផ្សាយអប់រំ លើកទឹកចិត្តឱ្យមានការគាំទ្រ និងការចូលរួមពីពលករបរទេស ម្ចាស់រោងចក្រសហគ្រាស និងមូលដ្ឋានអាជីវកម្ម។

ទី៨៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបន្ត ខិតខំប្រឹងប្រែងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាឱ្យដំណើរការកែទម្រង់នេះសម្រេចបានតាមគោលដៅដែលបានកំណត់ ក្នុងនោះត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយ ក្របខណ្ឌច្បាប់ យន្តការ វិធានការ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញកន្លងមក ដើម្បីកែលម្អ ឱ្យបានសមស្របជាមួយនឹងវឌ្ឍនភាពនៃការកែទម្រង់នេះ និងដើម្បីលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ទី៩៖ ក្នុងកិច្ចការគាំពារ ដើម្បីរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពី គ្រោះទឹកជំនន់។ ដូច្នេះ ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុចវិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមខាងលើ៕