(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆាណល (Channel) របស់ថេឡេក្រាម (Telegram) ផ្តល់ព័ត៌មានបានលឿនរហ័ស ពោលគឺវាផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក (Facebook)។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងពេលអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងវារហ័សណាស់ ! ប្រៀបធៀបនឹងហ្វេសប៊ុក អានេះ (ថេឡេក្រាម) ល្អជាងហ្វេសប៊ុកឆ្ងាយណាស់។ គ្រាន់តែវាអត់មានសារឆ្លងឆ្លើយគ្នាតែប៉ុណ្ណឹង ប៉ុន្តែព័ត៌មានត្រូវបានបំភ្លឺទាន់ពេល»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណលផ្ទាល់ខ្លួនផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើសិនជាឃើញមានសកម្មភាពល្អ សម្តេចនឹងបញ្ជូនព័ត៌មានោះ ចូលទៅក្នុងឆាណលរបស់ថេឡេក្រាម របស់សម្តេចតែម្តង។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២៣ ឆាណលរបស់ថេឡេក្រាម របស់សម្តេចតេជោ ដែលមានឈ្មោះថា «Prime Minister Hun Sen» មានអ្នកតានដាន ៤៤៥,០៦៧នាក់។ ចំនួននេះ ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ដែលមានអ្នកតាមដានជិត ១លាននាក់។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការបង្កើតឆាណលរបស់តេឡេក្រាម ក៏រួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ៕