(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់សមាជិកសហគមន៍កសិកម្មចម្រើនផលរាំងកេសី។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ ថាច បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងផលិតកម្មស្រូវពូជ ការប្រមូលទិញស្រូវចំណី និងជាពិសេសតម្រូវការឥណទាន។
ជាមួយគ្នានេះ លោកបានជម្រាបជូនបងប្អូនកសិករ ពីសារសំខាន់នៃការគ្រប់គ្រងថ្លៃដើម និងការចំណាយក្នុងផលិតកម្មស្រូវ។
បន្ថែមលើផលិតកម្មស្រូវពូជ និងស្រូវចំណី លោកបានជូនយោបល់ដល់បងប្អូនគួរគិតគូពីមុខរបររួមផ្សំន្ថែមក្រៅពីការផលិតស្រូវ មានដូចជា សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និង/ឬការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬ green house តាមបែបកសិកម្មទំនើប ដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។
សហគមន៍កសិកម្មចម្រើនផលរាំងកេសី បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១៣ មានអាស័យដ្ឋាន ស្ថិតនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣១៨ គ្រួសារ ប្រកបរបរផលិតស្រូវពូជសែនក្រឣូប និងប្រមូលទិញស្រូវចំណី។
ទន្ទឹមនឹងការផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ លោកបណ្ឌិត កៅ ថាច ថែមទាំងបានរំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕