(ភ្នំពេញ)៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារ និងខ្លឹមសារសៀវភៅណែនាំសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបង្កើតថ្មី។

ខ្លឹមសារដែលអង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖

ទី១៖ ឯកសារបោះពុម្ពផ្សាយ ចំនួន ១៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣រួមមាន៖ ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប, ទម្រង់ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្ស, ទម្រង់កូនសៀវភៅបត់ (Palmflet), កញ្ចប់ព័ត៌មានសម្រាប់អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍, ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន, សៀវភៅណែនាំ ស្ដីពីការឃោសនាបោះឆ្នោត, ទម្រង់ Poster គណបក្សនយោបាយចូលរួមការបោះឆ្នោត, បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ, ខិត្តបណ្ណ ស្ដីពីការគូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត, ស្ទីកគ័រ ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោត, សៀវភៅសម្រាប់អ្នកបោះឆ្នោត, មួក, អាវយឺត និងទម្រង់បណ្ណថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

ទី២៖ ខ្លឹមសារសៀវភៅណែនាំគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សៀវភៅណែនាំគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងសៀវភៅណែនាំគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប)/ គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ទី៣៖ ខ្លឹមសារឯកសារជំនួយស្មារតី បដា និង Poster គំរូប្លង់ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

មុនបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ជូនសមាជិក គ.ជ.ប និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទាំងអស់អំពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ គ.ជ.ប ថា គ.ជ.ប ត្រូវតែអនុវត្តការងារទៅតាមច្បាប់ ដោយយកច្បាប់ជាមូលដ្ឋាន និងបទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោត។ សម្រាប់បទបញ្ជា និងនីតិវិធី ដែល គ.ជ.ប សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សុទ្ធតែមានការចូលរួមផ្ដល់យោបល់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់។

ពាក់ព័ន្ធនឹងសមាសភាព គ.ជ.ប, ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចែងរួចហើយ អំពីករណីត្រូវបាត់បង់មុខតំណែង។ ក្នុងករណីបាត់បង់សមាជិកភាព គ.ជ.ប ណាម្នាក់ នោះរដ្ឋសភាត្រូវប្រកាសជ្រើសរើសជាសាធារណៈនូវបេក្ខភាពបេក្ខជនដែលត្រូវជំនួសមុខតំណែងដែលទំនេរ។ ដូច្នេះសមាសភាព គ.ជ.ប បច្ចុប្បន្ន គឺត្រឹមត្រូវស្របតាមច្បាប់៕