(កំពត)៖ យុវជនម្នាក់ ត្រូវក្មេងស្ទាវ២នាក់លួចវាយ បណ្តាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ចំណុចមុខហាងខារ៉ាអូខេ «ខូល» ស្ថិតក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត់។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហួត គឹមឆាយ អាយុ២៤ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ បច្ចុប្បន្នមកជួលបន្ទប់ស្នាក់នៅ ក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ។

មន្ដ្រីដដែរបន្ដថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅមួយគ្រឿង បានមកវាយជនរងគ្រោះទាំងកម្រោល បណ្ដាលឲ្យជនរងគ្រោះ រងរបួសបែកចិញ្ចើមខាងស្តាំ និងហើមក្បាលពីខាងក្រោយ ធ្ងន់ធ្ងរ លុះធ្វើសកម្មភាពហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានដាក់ការសង្ស័យថា អំពើហឹង្សានេះ កើតឡើងដោយសារតែរឿងគំនុំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីវែកមុខជនសង្ស័យ យកមកផ្ដន្ទាទោស តាមច្បាប់៕