(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រោយឃើញមានវីដេអូ ដែលបានធ្វើការចែកចាយ លើបណ្តាញសង្គមពាក់ព័ន្ធនឹងរឿងមានរថយន្តមួយ បានបើកបរយ៉ាងលឿន ក្នុងគោលដៅបញ្ជ្រាសផ្លូវ នៅលើផ្លូវល្បឿនលឿង ភ្នំពេញ ក្រុងព្រះសីហនុ ពេលនេះ ក្រសួងបានកំណត់អត្តសញ្ញាណរថយន្តបានហើយ ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកម្ចាស់រថយន្ត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យកឱកាសនេះផងដែរសូមជម្រាបថា យើងមានវីដេអូ ចាប់រូបភាពឡានមួយនៅពេលយប់ បើលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បើកបញ្ជ្រាសទិស ពិចារណាមើលបើល្បឿន ១២០ខាងនេះ ១២០ខាងនោះ បើបុកគ្នា តើវានឹងរបៀបមិចយើងមានហើយផ្លាកលេខឡាន ស្គាល់ឡានហើយចឹងខាង គនរបាលកំពុងធ្វើកិច្ចការនេះ»

លោកទេសរដ្ឋមន្ត្រី ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ សូមកុំបើកបញ្ជ្រាសទិស បើយើងបើកលើផ្លូវល្បឿលឿន ហើយហួស មិនបង្វិលបើកបញ្ជ្រាសថយក្រោយវិញបានទេ សូមទៅមុខទៀតទៅ ចាំដល់ផ្លូវចាំត្រឡប់មកវិញ បើកពេលយប់ ហើយបើកបញ្ជ្រាសទិសដូចនេះមិនកើតនោះទេ និងអាចមានគ្រោះថ្នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចររាចរណ៍នៅកម្ពុជាទាំងអស់គ្នា៕