(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីពិធីចែកកញ្ចប់អាហារ និងឧបករណ៍អាជីព (រ៉ឺម៉ក) ដែលមានតម្លៃប្រមាណជិត៧ម៉ឺនដុល្លារ រៀបចំឡើងដោយ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោក នៃក្តីមេត្តារដ្ឋគុយវ៉ែត នៅក្នុងបរិវេណវិហារធំគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា សមាគមសប្បុរសធម៌ នៃរដ្ឋគុយវ៉ែត ជានិច្ចជាកាលតែងតែបានគិតគូរដល់អត្ថប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា ដែលសកម្មភាព នៃអង្គការសមាគមនេះ បានរីកដុះដាលយ៉ាងច្រើន ក្នុងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ សាងសង់វិហារ សាលារៀន ចែកកញ្ចប់អាហារ និងសម្ភារផ្សេងៗ។
លោកបណ្ឌិតបន្ថែមថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា សូមអំណរគុណដល់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងអរគុណដល់រដ្ឋាភិបាលគុយវ៉ែត និងប្រជាជនគុយវ៉ែត ដែលតែងតែបានយកចិត្តទុកដាក់ ក្នុងការផ្តល់នូវជំនួយផ្សេងៗដូចជា អំណោយកញ្ចប់អាហារ សាលារៀន វិហារ អណ្តូងទឹក និងរ៉ឺម៉ក ជូនដល់ប្រជាជនកម្ពុជា ដែលសុទ្ធសឹកតែជាតម្រូវការចាំបាច់។
លោកសង្ឃឹមថា សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងអង្គការសប្បុរសធម៌ផ្សេងៗទៀត នឹងបន្តផ្តល់ជំនួយបន្ថែមទៀត នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលមិនទាន់ទទួលបាន ក្នុងការបំពេញតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាត។
កញ្ចប់អាហារដែលត្រូវបានចែកជូនប្រជាពលរដ្ឋមាន ចំនួន១៥០កញ្ចប់ ក្នុងនោះមានអង្ករ២០គីឡូក្រាម មី១កេស និងត្រីខ១០កំប៉ុង។ ឧបករណ៍អាជីព (រ៉ឺម៉ក) ចំនួន ២៧គ្រឿង ត្រូវបានចែកជូនទៅប្រជាលរដ្ឋក្រីក្រមកពីខេត្តរតនគិរី ៣គ្រឿង កំពត៣គ្រឿង ក្រចេះ១គ្រឿង កំពង់ធំ១គ្រឿង សៀមរាប៣គ្រឿង ព្រៃវែង១គ្រឿង តាកែវ៤គ្រឿង បាត់ដំបង៤គ្រឿង ត្បូងឃ្មុំ៣គ្រឿង កំពង់ឆ្នាំង២គ្រឿង និងរាជធានីភ្នំពេញ២គ្រឿង។
អំណោយទាំងអស់នេះ គិតជាទឹកប្រាក់ប្រមាណជិត៧ម៉ឺនដុល្លារ ដែលត្រូវបានបរិច្ចាគពីប្រជាពលរដ្ឋគុយវ៉ែតផ្ទាល់ ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី៦២ នៃបុណ្យឯករាជ្យជាតិនៃប្រទេសគុយវ៉ែត និងខួបលើកទី៣២ នៃការរំដោះប្រទេសគុយវ៉ែតផងដែរ។
សូមជម្រាបថា កន្លងមកសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៩០៨ខ្នង សាងសង់វិហារ២០៧ខ្នង សាលារៀន១៧០ខ្នង អណ្តូង១,៧៤១ ស្រះទឹក១៣ គោយន្ត៩៣៣ និងម៉ូតូរ៉ឺម៉ក១២៣គ្រឿង និងអាហារកញ្ចប់ជាង២ ពាន់កញ្ចប់ សរុបជាទឹកប្រាក់ប្រមាណជាង៣៥លានដុល្លារ៕