(បន្ទាយមានជ័យ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលា ស្តីអំពី«ការអភិរក្ស និងលើកតម្លៃមត៌ក (មរតក) វប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណី» នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះរៀបចំឡើងដោយមានការចូលរួមពីលោកលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងការចូលរួមសហការយ៉ាងសកម្មពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងការិយាល័យយូណេស្កូភ្នំពេញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីមត៌កវប្បធម៌អរូបី៖ តម្បាញសំពត់ និងកន្សែងប្រពៃណីនៅកម្ពុជា, ផ្សព្វផ្សាយពីមត៌កប្រពៃណីដូនតា, ការផ្សព្វផ្សាយអំពីគោលការណ៍សំខាន់ៗ មួយចំនួនរបស់អង្គការយូណេស្កូ ជាពិសេសពាក់ព័ន្ធនឹងអនុសញ្ញាឆ្នាំ២០០៣ ដែលនិយាយអំពីការអភិរក្សមត៌កវប្បធម៌អរូបី។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, តំណាងសហគមន៍តម្បាញស្រុកភ្នំស្រុក, តំណាងសហគមន៍តម្បាញភូមិអង្គរបាន៧, តំណាងសមាគមសិប្បករកម្ពុជា, តំណាងសមាគមសូត្រមាសខ្មែរ, តំណាងសមាគមកីខ្មែរ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងតំណាងមជ្ឈមណ្ឌលសូត្រខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងចូលរួមដោយគណៈកម្មាការជាតិយូណេស្កូ, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ, មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទូទាំងប្រទេស៕