(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានអនុញ្ញាតឲ្យលោក ស៊ី ជៀនគួ (XU JIANGUO) អគ្គលេខាធិកាមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) ដឹកនាំគណៈប្រតិភូចំនួន ៦រូប ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការសមាគមមិត្តភាព កម្ពុជា-ចិន។
លោក ស៊ី ជៀនគួ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ នាពេលនោះ។ លោកបានថ្លែងថា លោក ឯក សំអុល ជាមិត្តចាស់របស់ប្រទេសចិន ហើយលោកធ្លាប់ ធ្វើជាអគ្គរដ្ឋទូតកន្លងមក ដូចនេះលោកយល់ច្បាស់ គុណប្រយោជន៍របស់សមាគម។
ក្រោមការត្រួតពិនិត្យ របស់នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន CFPD មានគោលបំណងផ្សព្វផ្សាយពីគោលគំនិត នៃសន្តិភាព និងការអភិវឌ្ឍ និងចូលរួមអនុវត្តគម្រោង សុខុមាលភាពសាធារណៈអន្តរជាតិ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ លោកក៏បានបញ្ជាក់ពីគោលបំណងមកទស្សនកិច្ចនៅកម្ពុជា គឺតាមអនុសាស៍ របស់លោក ស៊ី ជីងពីង។ ប្រទេសចិន និងកម្ពុជា មានប្រវត្តិទំនាក់ទំនងយូរអង្វែង ដែលហេតុផលសំខាន់មួយ ដែល CFPD មានសកម្មភាពកាន់តែជិតស្និត ជាមួយសមាគមមិត្តភាព កម្ពុជា-ចិន។
ជាកិច្ចឆ្លើយតប លោកប្រធាន ឯក សំអុល បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរគណៈប្រតិភូ ក្នុងឱកាសបំពេញទស្សនកិច្ចកម្ពុជា ទទួលបានជោគជ័យ និងសុខសុវត្ថិភាព ក្នុងការស្នាក់អាស្រ័យនៅកម្ពុជា។ លោកប្រធាន ក៏បានលើកឡើងពីការប្រគល់ភារកិច្ចពីសម្តេចតេជោ ក្នុងការដឹកនាំសមាគមមិត្តភាព កម្ពុជា-ចិន ដោយស្ម័គ្រចិត្តមិនយកអ្វីទាំងអស់ ដើម្បីបុព្វហេតុមិត្តភាព កម្ពុជា-ចិន។
លោកប្រធាន ក៏បានបញ្ជាក់ផងដែរ អំពីការបង្កើតសមាគមមិត្តភាព កម្ពុជា-ចិន នាឆ្នាំ២០០០ ដោយរាជរដ្ឋាភិបាល គឺសមាគមមិនមានទីស្នាក់ការសម្រាប់បំពេញការងារទេ គឺនៅជ្រកក្រោមព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ រហូតមកដល់ឆ្នាំ២០១៣ ដោយមានការកែប្រែសមាសភាពថ្នាក់ដឹកនាំថ្មី នាឆ្នាំ២០១៦ អាគារទីស្នាក់ការកណ្តាលសមាគម ត្រូវបានសាងសង់រួច ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាល/ប្រជាជនចិន ធុរកិច្ចជនចិន ធុរកិច្ចជនកម្ពុជា ជាពិសេសមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
លោក ឯក សំអុល ក៏បានរំលេចពីទំនាក់ទំនង កម្ពុជា-ចិន ថ្នាក់ដឹកនាំជំនាន់មុន សម្ដេចតា ព្រះរមរតនកោដ្ឋ បានជួបជាមួយលោក ជូ អិនឡាយ ក្នុងកិច្ចប្រជុំនៅទីក្រុងបានដុង ហើយចាប់តាំងពីពេលនោះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចាប់ផ្ដើមមានដំណើរទស្សនកិច្ចផ្លូវរដ្ឋជាបន្តបន្ទាប់។ ក្រោមកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ចិនបានផ្ដល់ជំនួយជាច្រើនមកកម្ពុជា។ លោកប្រធានបញ្ជាក់ថា ចិនបានផ្ដលជំនួយរោងចក្រចំនួន៣៖ រោងចក្រផលិតក្រដាស នៅខេត្តក្រចេះ រោងចក្រវេរណៈភណ្ឌ និងរោងចក្រផលិតកែវ។
លោក ឯក សំអុល ក៏បានសង្កត់ធ្ងន់ ពីការតាមដានយ៉ាងម៉ឹងម៉ាត់អំពីមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ហើយសមាគមបានទទួលគោលការណ៍ពី សម្ដេចតេជោ អំពីការត្រៀម រៀបចំអបអរខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទួតរវាងកម្ពុជា-ចិន និងកម្មវិធីពាក់ព័ន្ធផ្សេងៗ។ លោកប្រធានបានថ្លែងថា «ខ្ញុំមាននិស្ស័យជាមួយប្រទេសចិន តាំងពីនៅជាយុវជន កាលនោះខ្ញុំបាន ចូលមើលពិពណ៍ ភាពយន្តចិន ហើយបានមើលកាសែតបារាំងមួយ ដែលបានចុះផ្សាយពីប្រទេសចិន។ ហើយធ្លាប់ទិញសៀវភៅរឿងចិនដូចជា រឿងស៊ុន អ៊ូខុង -ល- តែជាភាសាបារាំង»។
លោក ស៊ី ជៀនគួ គាំទ្រពេញទំហឹងចំពោះសកម្មភាពសមាគម ហើយរង់ចាំសហការជាមួយសមាគម ដើម្បីមិត្តភាពប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជន។
លោកប្រធាន ឯក សំអុល ក៏បានណែនាំបង្ហាញ អំពីរូបថតប្រវត្តិសាស្រ្តអំពីទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន និងវត្ថុអនុស្សាវរីយ៍ ដែលសមាគមទទួលបានពីមិត្តចិន។ លោក ស៊ី ជៀនគួ និងគណៈប្រតិភូ បានថ្លែងអំណគុណ និងជូនពរ លោកប្រធានមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច៕