(ភ្នំពេញ)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ខេត្តប៉ៃលិន នៅមានប្រភេទត្បូង ដែលមានតម្លៃ សម្រាប់ធ្វើអាជីវកម្មបាន ប៉ុន្ដែមិនមានក្រុមហ៊ុនវិនិយោគទ្រង់ទ្រាយធំនោះទេ។
ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន» លោកស្រី បាន ស្រីមុំ ទទួលស្គាល់ថា កាលពីអតីតកាល ពោលមុនធ្វើសមាហរណកម្មអាជីវកម្មត្បូងនៅខេត្តប៉ៃលិន គឺមានលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្ដែបច្ចុប្បន្ននេះមិនមានទៀតនោះទេ។
លោកស្រីអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «អាជីវកម្មត្បូងនៅខេត្តប៉ៃលិន ដែលមានលក្ខណៈទ្រង់ទ្រាយធំដូចជំនាន់ មិនទាន់ធ្វើសមាហរណកម្ម គឺអត់មានទេ ប៉ុន្ដែត្បូងនៅមាន នៅលើភ្នំយ៉ាត់នៅទាំងអស់ ១០០ភាគរយ»។
លោកស្រី បាន ស្រីមុំ បានអះអាងថា អាជីវកម្មត្បូងនេះ មិនអាចធ្វើឡើងដោយស្រេចតែចិត្តបានទៀតនោះទេ ដោយមុនធ្វើអាជីវកម្មត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ពោលមុនផ្ដល់អាជ្ញាបណ្ណស្ថាប័នជំនាញបានសិក្សាយ៉ាងល្អិតល្អន់អំពីផលប៉ះពាល់ដែលអាចកើតមានឡើង ពិសេសការប៉ះពាល់ដល់ធនធានធម្មជាតិតែម្ដង។
អភិបាលខេត្តរូបនេះគូសបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋបានទៅដល់ខេត្តប៉ៃលិន ច្បាស់ជាបានឃើញប្រភេទដុំថ្មត្បូងជាច្រើន នៅហ្នឹងដីតែម្ដង ពិសេសនៅពេលភ្លៀងធ្លាក់អាចសង្កេតមើលបាន និងឃើញប្រភេទថ្មត្បូងទាំងអស់នោះនៅលើផ្ទៃដី។
គួរជម្រាបថា ខេត្តប៉ៃលិន ជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅទិសពាយព្យ នៃប្រទេសកម្ពុជា ក្នុងតំបន់ខ្ពង់រាប ខេត្តមួយនេះ ត្រូវបានគេចាត់ទុកថា ជាខេត្តដែលសំបូរដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ ជាពិសេសជាងនេះ គេតែងនិយមហៅខេត្តប៉ៃលិន ជាខេត្តត្បូងពេជ្រ នៃប្រទេសកម្ពុជា។
ត្បូងប៉ៃលិន ត្រូវបានអ្នកជំនាញរកស៊ីត្បូងចាត់ចំណាត់ថ្នាក់ជាត្បូងល្អជាងគេ នៅក្នុងចំណោមត្បូងនានា នៅតាមបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ ត្បូងប៉ៃលិន មានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកន្តៀង (ពណ៌ខៀវ) ដែលមានគុណភាពទទួលស្គាល់នៅលើពីភពលោកផងដែរ៕