(ភ្នំពេញ)៖ កញ្ចុះចំនួន៥ខ្នង នៅក្នុងភោជនីយដ្ឋាន «ម៉ាន់នី ហ្គោលស៊ីតធី KTV» ដែលសង់ពីគ្រោងដែកប្រក់ស្បូវ សម្រាប់ភ្ញៀវចូលទៅផឹកស៊ី ត្រូវភ្លើងឆាបឆេះអស់នៅសល់តែគ្រោងដែក ហើយអគ្គិភ័យនេះពុំទាន់ត្រូវបានគេដឹងថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។

ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុពុំទាន់មានភ្ញៀវចូលផឹកស៊ីនៅក្នុងកញ្ចុះទាំង៥ខាងលើនោះនៅឡើយ ហើយនៅសុខៗស្រាប់តែ មានអណ្តាតភ្លើងឆាបឆេះកញ្ចុះ១យ៉ាងសន្ធោសន្ធៅ។ បន្ទាប់មកក៏ឆេះឆ្លងដល់កញ្ចុះ៤ទៀតយ៉ាងឆាប់រហ័ស ព្រោះកញ្ចុះទាំងអស់នោះស្ថិតនៅជាប់ៗគ្នា។

ភ្លាមៗនោះបុគ្គលិកដែលបម្រើការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារកញ្ចុះប្រក់ស្បូវងាយនឹងឆាបឆេះ មិនអាចពន្លត់រលត់ឡើយ។ បន្ទាប់មកទើបហៅកងប្រតិបត្តិការរុករក និងសង្រ្គោះ កងពលតូចលេខ៧០​ ដែលនៅជិតនោះចេញជួយអន្តរាគមន៍និងបាញ់ទឹកអស់២រថយន្តទើបរលត់ទាំងស្រុង និងមិនមានមនុស្សរងរបួសឡើយ៕