(មណ្ឌលគិរី)៖ ជំងឺគ្រុនឈាមអាចនឹងត្រូវប្រកាសអាសន្ន ខណៈដែលអ្នកជំងឺកំពុងតែមានការកើនឡើង ដោយសារតែជំងឺនេះ បាននឹងកំពុងផ្ទុះឡើង និងបន្ដគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពោលគឺនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងតាមគ្លីនិកឯកជននានា ស្ទើរកកន្លែងសម្រាកសម្រាប់អ្នកជំងឺមិនបាន។
លោក សៀ សុខមៀន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះថា ជំងឺគ្រុនឈាមពិតជាបាន និងកំពុងកើតមានមកលើមនុស្សក្មេងចាស់ប្រុសស្រីស្ទើគ្រប់ស្រុកទូទាំងខេត្តពិតប្រាកដមែន ព្រោះអគារព្យាបាលស្ទើតែរកកន្លែងសំរាកមិនបាន។ ជំងឺគ្រុនឈាមឆ្នាំនេះ វាហាក់បីមានការផ្ទុះឡើងយ៉ាងច្រើនករណីមែនទែន ខុសគ្នាពីបណ្តាឆ្នាំមុនៗ ជំងឺនេះមានចំនួនតិចតួចបំផុត តែទោះបីជំងឺនេះកំពុងផ្ទុះឡើង ច្រើនករណីយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ពុំទាន់មានច្រើនករណីនៅឡើយទេ ពោលមានតែក្មេងប្រុសម្នាក់ បានស្លាប់ប៉ុណ្ណោះ នៅស្រុកពេជ្រាដា តែពេលអត្រាថមថយចុះ ហាក់បីនៅមានកំរិតតិចនៅឡើយ។
លោកបន្ដថា បញ្ហាដែលមានផ្ទុះឡើងនូវជំងឺនេះ ច្រើនអាចកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងមកពីការចំលងមកពីមូសខ្លាខាំ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបង្កើនការយល់ដឹងឲ្យបានខ្ពស់បំផុត អំពីវិធីការពារកុំឲ្យកើតមានជំងឺទាំងនេះ ដូចជា ត្រូវធ្វើអនាម័យខ្លួន កាប់ឆ្ការព្រៃជុំវិញផ្ទះសម្បែង លុបថ្លុក របស់ដែលដក់ទឹកដែលជាជំរកសត្វមូសបង្កពង។
លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា ជំងឺនេះកើតមានតែបន្ដិចបន្តួចប៉ុណ្ណោះ ធ្វើឲ្យមហាជននានាទូទាំងខេត្តមណ្ឌលគិរី មិនពេញចិត្តនៃការលើកឡើងរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តឡើយ គ្រាដែលពេលនេះអ្នកជំងឺ ជាច្រើននាក់ទាំងក្មេងទាំងចាស់ កំពុងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត និងពេទ្យឯកជនស្ទើតែរកកន្លែងសម្រាកគ្មាននោះ។ មហាជនបានលើកឡើងថា ការលើកឡើងបែបនេះ មកពីប្រធានមន្ទីររូបនេះ មិនបានមើលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យឡើយ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ជំងឺនេះ ពិតជាបានកើតឡើងច្រើនករណី ទៅលើមនុស្សក្មេងចាស់ប្រុសស្រី ពិតប្រាកដមែននៅឆ្នាំនេះ ហើយលោក បានធ្វើការអំពាវនាវដល់មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរួមមាន មន្រ្តីសុខាភិបាល មន្រ្តីគ្រប់ក្រុង ស្រុក និងមន្រ្តីមន្ទីរបរិស្ថានផងដែរ ចូលរួមគ្នា ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យពួកគាត់យល់ដឹងពីវិធីការពារ កុំឲ្យកើតមានជំងឺនេះ។
ជាងនេះទៅទៀត លោកសូមឲ្យ មន្រ្តីៗជំនាញ ជាពិសេសប្រធានៗអង្គភាពពាក់ព័ន្ធទាំងអស់ ហ៊ានទទួលស្គាល់ការពិតដែលបានកើតឡើង ជៀសវាងបង្រួមករណីដែលបានកើតឡើងដើម្បីតែខ្លួនឯងល្អ។ ម៉្យាងវិញទៀត លោកក៏ស្នើរឱ្យមន្រ្តីជំនាញ និងមន្រ្តីក្រុង ស្រុកទូទាំងខេត្ត សូមមេត្តាកុំមានការស្ពឹកស្រពន់ពេក ដូចជាការចុះធ្វើការណែនាំដល់បងប្អូនបន្ថែមទៀត នៅតាមគោលដៅសំខាន់ដែលមានជំងឺនេះកំពុងរាត្បាត។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ ទៅលើមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា សព្វថ្ងៃនេះមន្ទីរមួយនេះ ហាក់បីដូចជា ព្រលែងចោលការងាររបស់ខ្លួនទៅហើយ ពោលគឺហាក់បីដូចជាមិនសូវខ្វល់ខ្វាយពីបញ្ហា សំរាមជាដើម ព្រោះនៅឆ្នាំនេះថវិកា របស់ជាតិបានទំលាក់មកឲ្យមន្ទីរបរិស្ថាន និងក្រុងប្រមាណជិត២០០លានរៀល សំរាប់ចាត់ចែងលើបញ្ហាផ្សេងៗទាក់ទងអនាម័យនេះ៕