(សៀមរាប)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឲ្យមន្រ្តី ពិសេសប្រធានមន្ទីរសុខាភិបាល នៅតាមខេត្តរាជធានីទាំង២៥ យកចិត្តទុកដាក់លើការងារ ទំនាក់ទំនងហានិភ័យ ដូចជាការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដោយត្រូវឆ្លើយតបឲ្យបានលឿនតាមតែអាចធ្វើទៅបាន។
ការលើកឡើងរបស់លោកស្រី នៅក្នុងសិក្ខាសាលាពិនិត្យការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍និងផែនការប្រតិបត្តិ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ រីជិនស៊ី ដែលមានថ្នាក់ដឹកនាំមន្ទីរទាំង២៥រាជធានីខេត្ត ចូលរួម។
លោកស្រី ឱ វណ្ណឌីន បានសម្តែងនូវការសប្បាយរីករាយជាខ្លាំងដែលចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា ដែលទាក់ទងនឹងទំនាក់ទំនង និងហានិភ័យ ដែលជាប្រធានបទមួយដែលមានសារៈសំខាន់ ដោយគ្រប់អន្តរាគមន៍នានាប្រសិនមិនមានទំនាក់ទំនងល្អទេវាអាចជះឥទ្ធិពលដល់ប្រតិបត្តិការនិងអន្តរាគមន៍ការងារទាំងមូល។ ជាក់ស្តែងនៅក្នុងបរិបទកូវីដ-១៩ ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានប្រឌិត និងព័ត៌មានក្លែងក្លាយជាច្រើន បានកើតមានឡើង ដែលមិនមែនមានតែកម្ពុជាទេ ដែលវាកើតឡើងនៅលើសកលលោក។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្តថា ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រួមសហការជាមួយនឹងមជ្ឈមណ្ឌលជាតិ និងសុខភាព បានរៀបចំនូវវគ្គបណ្ដុះបណ្ដាល ដល់ណាដឹកនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត រួមនឹងមន្ត្រីបច្ចេកទេសដែលពាក់ព័ន្ធ។
លោកស្រីបានបន្តទៀតថា ទាក់ទងទៅនឹងទំនាក់ទំនង នឹងហានិភ័យនេះ គឺត្រូវមានការឆ្លើយតបឲ្យបានលឿន និងត្រូវមានការសហកាល្អជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីផ្ដល់នូវព័ត៌មានត្រឹមត្រូវ ព័ត៌មានពិតជាក់ស្ដែង ហើយធ្វើឲ្យបានលឿនដើម្បឲ្យពួកគាត់មានមូលដ្ឋានត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាននេះជាបន្តទៀត ពីព្រោះតួនាទីរបស់អ្នកសារព័ត៌មានបានជួយច្រើន។
លោកស្រី ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ចែករំលែកទៅលើព័ត៌មានផ្សេងៗដែលទាក់ទង់ទៅនឹងព្រឹត្តិការណ៍ ក៏ដូចជាការឆ្លើយតបគោលនយោបាយ យុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ហើយក៏មានវិធានការទប់ស្កាត់នានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល អនុវត្តឲ្យបានលឿនដើម្បីលុបបំបាត់នូវហានិភ័យ ដែលបង្កឡើងដោយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា កម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ យើងបានធ្វើរួមគ្នាក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ក្នុងរយៈកូវីដ២ឆ្នាំមកនេះ ខេត្តសៀមរាបមានស្លាប់ដោយជំងឺនេះមានចំនួន ៣៦២នាក់ ហើយភាគច្រើន គឺជាអ្នកដែលមានកាយសម្បទាមិនរឹងមាំ ដោយភាគច្រើនជាមនុស្សចាស់ ។ ក្នុងចំណោមនោះ ពី២០ ទៅ៣០ភាគរយ គឺជាអ្នកខេត្តផ្សេងៗ ដែលស្វែងរកការព្យាបាលក្នុងមន្ទីរពេទ្យក្នុងខេត្តសៀមរាប។
អ្នកស្រី លីហ្សា ស្មីត (Lisa Smyth) តំណាងអង្គការសុខភាពពិភពលោក បានលើកដែរថា ការចូលរួមរបស់សហគមន៍មានសារៈសំខាន់ ហើយយើងនឹងរៀនសូត្រ ពីការប្រាស្រ័យទាក់ទង និងការចូលរួមពីសហគមន៍រយៈពេល២ថ្ងៃនេះ។ នៅមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រាស្រ័យទាក់ទងអំពីការទទួលនូវជំងឺផ្សេងៗ ជាពិសេសនៅជំនាន់ជំងឺអេបូឡា។ប៉ុន្តែពេលដែលផ្ទុះជំងឺកូវីដ-១៩ ការងារនេះ មានសារៈសំខាន់ និងជួយអោយមានការជឿទុកចិត្តរវាងរដ្ឋាភិបាល និងសហគមន៍នឹងជំរុញឲ្យមានការជាទុកចិត្តជឿជាក់គ្នានៅក្នុងពេលមានវិបត្តិ៕