(ភ្នំពេញ)៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ បានសម្រេចឱ្យមនុស្សស្រីប្រុសជាង១០នាក់ បានត្រឡប់ទៅផ្ទះវិញ ដោយទុកតែម្នាក់ប៉ុណ្ណោះ ត្រូវបានសម្រេចយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស រង់ចាំការជំនុំជម្រះទោសតាមកំណត់នីតិវិធីច្បាប់ ក្រោមបទចោទ «ជួញដូរគ្រឿងញៀនខុសច្បាប់»។ នេះបើតាមសមត្ថកិច្ចបានប្រាប់ឱ្យអ្នកយកព័ត៌មានអង្គភាព Fresh News បានដឹងនៅថ្ងៃនេះ។
សូមរំលឹកថា ដោយមានការចង្អុលបង្ហាញពីជនសង្ស័យដែលបានចរាចរគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំងផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យ ដែលមានការពាក់ព័ន្ធនឹងករណីខាងលើបន្ថែមទៀត។
ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ប្លង់ សុផល។ តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា នៅពេលដែលសមត្ថកិច្ចអាវុធហត្ថកំពុងធ្វើការ ក៏ត្រូវបានក្រុមសាច់ញាតិ ជនសង្ស័យមិនព្រមសហការ ថែមទាំងរារាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ទៀតផង។ ឃើញដូចនេះ សមត្ថកិច្ចជំនាញអាវុធហត្ថ ក៏បានឃាត់ខ្លួនជនប្រុសស្រីចំនួន១៨នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង៕