(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក Mohamad S SH S Alhajri ឯកអគ្គរដ្ឋទូត នៃរដ្ឋគុយវ៉ែត ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ទិវាឯករាជ្យជាតិលើកទី៦២ និងខួបអនុស្សាវរីយ៍ទិវារំដោះជាតិលើកទី៣២ នៃរដ្ឋគុយវ៉ែត នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជា និងគុយវ៉ែត ទទួលបានចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងផ្សេងៗទៀត។

លោកបន្ដថា ឆ្នាំនេះក៏ជាខួបលើកទី២៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយវ៉ែត។ ប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំ កម្ពុជា-គុយវ៉ែត ដោយព្រះរាជដំណើរ ទស្ទស្សនកិចរបស់ព្រះអង្គម្ចាស់ Sheikh Nasser Al-Mohammed Al-Ahmed Al-Jaber Al-Sabah នាយករដ្ឋមន្ត្រីនៃរដ្ឋគុយវ៉ែត មកកាន់កម្ពុជា ក្នុងឆ្នាំ២០០៨ និងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់រដ្ឋគុយវ៉ែត កាលពីឆ្នាំ២០០៩។

បើតាមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់ប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់។ ជាពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីការផ្សព្វផ្សាយ និងការការពារទៅវិញទៅមកលើការវិនិយោគ។

លោកបណ្ឌិត បានសម្ដែងនូវអារម្មណ៍រីករាយ ដែលប្រទេសទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំលើកទី២ នៃពាណិជ្ជកម្មរួមកម្ពុជា-គុយវ៉ែត ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នៅរដ្ឋគុយវ៉ែត ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែងថ្មី និងនាំយកពាណិជ្ជកម្ម និងភាពជាដៃគូសេដ្ឋកិច្ចដល់កម្រិតខ្ពស់។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានសន្យាថា នឹងប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ លោកថានឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក។ មិនតែប៉ុណ្ណោះ លោកសន្យាថា នឹងពិនិត្យមើលលើវិស័យដទៃទៀត ដែលកម្ពុជា-គុយវ៉ែត អាចសហការគ្នាបាន និងអាចជំរុញលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឲ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកនាពេលខាងមុខ៕