(ភ្នំពេញ)៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា តម្លៃមៀនប៉ៃលិន នៅក្នុងឆ្នាំ២០២៣នេះ អាចនឹងបន្ដឡើងចន្លោះពី៤២០០រៀល ទៅ៤៥០០រៀល បន្ទាប់ពីក្រុមហ៊ុនចិនបានចុះទិញមៀនប៉ៃលិន ដើម្បីនាំចេញ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដប៉ៃលិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក សាយ សុផាត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះតម្លៃផ្លែមៀន ចាប់តាំងពីក្រុមហ៊ុនចិន បានវិនិយោគចុះទិញនៅខេត្តប៉ៃលិន, តម្លៃមៀន ដែលមានស្ដង់ដារភូតគាមអនាម័យច្បាស់លាស់ គឺតម្លៃ៣៣០០រៀល និងរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២ មានតម្លៃឡើងដល់ ៣៩០០រៀល ហើយក៏នឹងឡើងបន្តទៀតនៅក្នុងឆ្នាំ២០២៣នេះ ចន្លោះពី៤២០០រៀល ទៅ៤៥០០រៀល»។
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានលើកឡើងថា ចំណុចនេះ គឺជាការខំប្រឹងប្រែងរវាងរដ្ឋបាលខេត្ត ជាពិសេសលោកស្រីអភិបាលខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងដំណាំមៀនប៉ៃលិននេះ។
លោក សាយ សុផាត បានឲ្យដឹងថា ខេត្តប៉ៃលិន គឺជាខេត្ដដែលមានមៀនប៉ៃលិនច្រើន ហើយពាក់ព័ន្ធ និងភូតគាមអនាម័យ រដ្ឋបាលខេត្ដ បានបណ្តុះបណ្តាលផ្សព្វផ្សាយបច្ចេកទេស អំពីដំណាំដែលមានស្តង់ដា GAP។ ក្នុងនោះបានអនុវត្តផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋដាំមៀនប៉ៃលិនទូទាំងខេត្ត សរុបរហូតដល់ឆ្នាំចុងក្រោយនេះ គឺបាន៣១០នាក់ ដែលបានចូលរួមសិក្សាអំពីបច្ចេកទេសនេះ។
ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនរូបនេះបានបន្ថែមទៀតថា ពាក់ព័ន្ធជាមួយនឹងមៀនប៉ៃលិននេះ គឺខេត្តប៉ៃលិន ដាំបាន៣៣៦០ហិកតា ដែលក្នុងនោះ មានប្រជាពលរដ្ឋចំនួន៦៧៦នាក់ ជាអ្នកប្រកបមុខរបរដាំមៀន។ ក្នុងនោះ ការចុះបញ្ជីចម្ការដែលជាស្តង់ដារ ក្នុងខេត្តប៉ៃលិនអនុវត្តបាន៦៥ចម្ការ៕