(កំពង់ធំ)៖ លោក ខេន ឈុនគ័រ អធិការនគរបាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានបញ្ជាកម្លាំងបុស្តិ៍រដ្ឋបាល ចុះបង្រ្កាបបនល្បែងស៊ីសង នៅចំណុចត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ដែលល្បែងស៊ីសងនេះ ត្រូវបានបើកឲ្យដំណើរការចាក់ភ្នាល់ដោយលោក ធី គិន ជាម្ចាស់ផ្ទះ។ ពេលចុះបង្ក្រាបនោះ អ្នកញៀនលែងបាញ់អាប៉ោងទាំងនេះ បានរត់បាត់ជើងសព្រាត។
លោក ធី គិន បានផ្តល់ទីតាំងឲ្យមានការលេងស្បែងស៊ីសង ទាំងថ្ងៃទាំងយប់ ដោយមិនខ្វល់ពីការចូលរួមចំណែក ការពារសុវត្ថិភាពនៅក្នុងភូមិនោះឡើយ។
មន្រ្តីនគរបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា កិច្ចសហការ នៃការបង្រ្កាបបនល្បែងស៊ីសងនេះ ក្រុមអ្នកញៀនល្បែងហាក់ដូចជាដឹងខ្លួនមុន ដែលត្រូវបានគេសង្ស័យថាសមត្ថកិច្ចមូលដ្ឋាន ប្រាប់មុនទើបក្រុមអ្នកញៀនល្បែង បានងើបរត់អស់ មុនពេលសមត្ថកិច្ចចូលទៅដល់។ សម្រាប់ការចុះបង្រ្កាបនេះ នៅកន្លែងកើតហេតុ នៅសល់ម៉ូតូមួយគ្រឿង ម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-7088 សេរីឆ្នាំ២០១៦។
អ្នកមីងម្ចាស់ផ្ទះ បានអគុណដល់សមត្ថកិច្ចយ៉ាងខ្លាំង ដែលបានមកបង្រ្កាបបនល្បែងស៊ីសងនៅផ្ទះគាត់ ដោយសារតែកន្លងមក គាត់រស់នៅជាមួយប្តី មានការលំបាកខាងផ្លូវចិត្តស្ទើរបែកដើមទ្រូង ដោយសារប្តីរបស់គាត់ ជាមនុស្សញៀនល្បែងភ្លេចការងារ ភ្លេចកូន ភ្លេចប្រពន្ឋ មួយថ្ងៃៗនាំគ្នាលេងតែល្បែង។
អ្នកមីងបានបន្តថា គាត់បានទៅធ្វើកម្មករ ស៊ីឈ្នួលដាំដំឡូងមី បានកំរៃមួយថ្ងៃ២ម៉ឺនរៀល ទៅម្តងរាប់ខែនៅស្រុកសណ្តាន់ រីឯប្តីគាត់នាំលេងល្បែងហើយជំពាក់គេ មកដល់ថ្ងៃនេះអស់លុយ២០០០ដុល្លារហើយ ទើបធ្វើឲ្យអ្នកមីងអស់សង្ឃឹម ដោយសារតែប្តីមិនចេះកែចរិក៕