(ភ្នំពេញ)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា ក្រៅពីជួយរកទីផ្សារដល់កសិករ ក្នុងខេត្តប៉ៃលិនផ្ទាល់ រដ្ឋបាលខេត្តប៉ៃលិន ​ថែមទាំងបានជួយសម្របសម្រួលរកទីផ្សារដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសផងដែរ ដោយសារខេត្តប៉ៃលិនជាខេត្ត ដែលមានសក្តានុពលនៃទិន្នផលកសិកម្ម និងនាំចេញ។

លោកស្រី បាន ស្រីមុំ ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

លោកស្រីបន្តថា រដ្ឋបាលខេត្តប៉ៃលិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលរកទីផ្សារ ដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មិនមែនតែខេត្តប៉ៃលិននោះទេ។ ជាក់ស្តែងកសិករដាំស្វាយជាមួយខេត្តមួយចំនួន ដូចជាកំពង់ស្ពឺជាដើម ក៏នាំយកស្វាយកែវរមៀត ទៅលក់នៅខេត្តប៉ៃលិន ផងដែរ។

លោកស្រីបន្ថែម បើទោះបីជារាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តខិតខំស្វែងទីផ្សារសម្រាប់កសិករក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ នៅតែមានជនឆ្លៀសឱកាសកេងចំណេញពីកសិករ ជាពិសេសដំណាំស្វាយ និងមៀន ដោយមានឈ្មួញកណ្តាល ទៅធ្វើកិច្ចសន្យាទិញពីកសិករ ក្នុង​តម្លៃក្រោមទីផ្សាររបស់ក្រុមហ៊ុនប្រមូលទិញ។ តែយ៉ាងនេះក្តីរដ្ឋបាលខេត្ត និងមន្រ្តីជំនាញ ដាក់ចេញនូវវិធានការ ដើម្បីជួយកសិករឱ្យអស់ពីសមត្ថភាព ដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការខាតបង់ នូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកស្រីលើកឡើងបន្តថា «ជាក់ស្តែងមានម្ចាស់ចម្ការមួយចំនួនបានទាក់ទងមក ហើយពេលដែលទាក់ទងមក យើងបានដើរតួនាទីជាអ្នកសម្របសម្រួល ដោយធ្វើយ៉ាងណាឱ្យក្រុមហ៊ុន មានទំនាក់ទំនងជាមួយម្ចាស់ចម្ការតែម្តង»

​លោកស្រី បាន ស្រីមុំ មានប្រសាសន៍បន្តថា ជាមួយគ្នារដ្ឋបាលខេត្តប៉ៃលិន ក៏បានដើរតួនាទី សម្របសម្រួល ក្នុងស្វែងរកការងារជូនដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយមិនចាំបាច់ធ្វើចំណាកស្រុក។ ជារៀងរាល់ មានប្រជាពលរដ្ឋបានទំនាក់ទំនង ស្វែងរកការងារធ្វើ​ ខណៈក្រុមហ៊ុនរោងចក្រជាច្រើននៅខេត្តប៉ៃលិន កំពុងត្រូវការកម្លាំងពលរដ្ឋ។

សូមជម្រាបថា ខេត្តប៉ៃលិនមានសៃឡូចំនួន ៥៤ កន្លែង សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត សម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ ខេត្តប៉ៃលិន មានច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលអាចសម្រួលដល់ការដោះដូរ ផលិតផលកសិកម្ម រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

តាមរបាយការណ៍រដ្ឋបាលខេត្តប៉ៃលិន ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨-២០២២ ​ខេត្តប៉ៃលិនបាននាំចេញកសិផល ទៅក្រៅប្រទេសមានចំនួនសរុប ២ ១១៤ ៩៩០តោន ក្នុងនោះមាន ដំឡូងមីស្រស់ចំនួន ៣៩៧ ៨៤៥ តោន ដំឡូងមីស្ងួតចំនួន ១ ១១៥ ៧៨៨ តោន ពោតក្រហមគ្រាប់ចំនួន ៣៤ ៥០០ តោន ពោតស្នូល ៤៨ ៣៧០ តោន ស្វាយកែវល្មៀតចំនួន ៥២៨ ៥៨៩ តោន មៀនប៉ៃលិន ៦ ៩០៧ តោន ម្ទេស ៩៤៩ តោន និងល្ពៅ ៤២ តោន។

ក្នុងរយៈពេលថ្មីៗនេះ ពោតក្រហមមានតម្លៃ ៨៣៣រៀល (ពោតស្នូល) ពោតគ្រាប់តម្លៃ ១ ៥០០រៀល ដំឡូងមីស្រស់តម្លៃ ៣.១បាត (លុយថៃ) ពោតស្ងួតតម្លៃ ៧.៥បាត ស្វាយកែវរមៀតចំរុះតម្លៃ៥បាត និងស្វាយកែវល្មៀតខ្ចប់តម្លៃ ១២បាត​៕