(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។

ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុប ការងារ​ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនាគាររាជធានី ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។

សន្និបាតនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យឡើងវិញលើការងារទាំងឡាយរបស់ស្ថាប័ន និងអង្គភាពនានា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងដំណើរការសន្និបាតនេះ មានការធ្វើបទបង្ហាញរបាយការណ៍ និងទិសដៅការងារ និងបែងចែក​ក្រុម​ពិភាក្សាដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗសំដៅប្រមូលធាតុចូលពីសមាជិក សមាជិកា​ នៃអង្គ​សន្និ​បាត សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅ រួមទាំងការចូលរួមពិនិត្យពិភាក្សា​អំពី​បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងគោលការណ៍សំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ នេះ​បន្ត​ទៀត។

ក្នុងឱកាសអញ្ជើញបើកសន្និបាត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នាអំឡុងពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍សន្តិសុខនៅតាមតំបន់មួយចំនួន រួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ បានបង្ហាញពីការប្រឈមកាន់តែតានតឹង និងប្រកបដោយហានិភ័យខ្ពស់ ខណៈការប្រែប្រួលអាកាសធាតុបានបង្ក ឱ្យមានគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរនៅតាមប្រទេសនានា ហើយជំងឺកូវីដ-១៩ ក៏នៅតែបន្តបង្កឱ្យមានផលប៉ះពាល់មកលើសុខភាពសាធារណៈនៅឡើយ ខណៈនៅក្នុងផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន​នៅតែបន្តខិតខំរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម។

ប្រឈមមុខចំពោះវិបត្តិ និងបញ្ហាប្រឈមខាងលើនេះ សម្ដេចក្រឡាហោម បានមានប្រសាន៍ថា ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​នូវគោល​នយោ​បាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ចូលរួមរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខជាតិ ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ខិតខំបង្ការ ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងរាល់សកម្មភាពនានា ដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម។

សម្ដេចក្រឡាហោមគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់​ថ្នាក់ បានសហការការពារសុវត្ថិភាពទាំងស្រុងថ្វាយអង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជ​មាតា​ជាតិខ្មែរ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានាដែលមកបំពេញ​ទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរក្សា ការពារសន្តិសុខ សុវត្ថិភាពនៃព្រឹត្តិការណ៍នានារបស់ជាតិ ជាពិសេសការធានារក្សាសន្តិសុខសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ និងកិច្ចប្រជុំអន្តរជាតិជាច្រើនទៀត។

សម្ដេចក្រឡាហោមបន្តថា ទន្ទឹមនេះ កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការ​លើក​កម្ពស់វិធានការជំនាញដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលជាហេតុធ្វើឱ្យបទល្មើស មានការ​ថយ​ចុះ ៩ភាគរយ ជាមួយលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២ភាគរយ។

សម្ដេចបន្ថែមថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការ​ព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្ម​ផ្លូវ​ភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពល​កម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ សម្ដេចបានបញ្ជាក់ថា ថ្វីបើមានកំណើនបន្តិច បន្ទាប់ពីការបើកប្រទេសឱ្យ ដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ ឃើញមានការផ្លាស់ប្តូរ​ជាវិជ្ជមាននូវឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ក្នុងការគោរពច្បាប់ និងការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍។ ជាមួយគ្នានោះ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង​មានសមត្ថកិច្ចក្នុង​ការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យបឋមនៅតាម សហគមន៍ ភូមិ ឃុំ សង្កាត់ ក៏ដូចជាគោលដៅដែលមានហានិភ័យខ្ពស់ បានធ្វើឱ្យចំនួនអគ្គិភ័យ ត្រូវបានកាត់បន្ថយក្នុងអត្រាប្រមាណ ៨ភាគរយ។

ចំពោះការងារអន្តោប្រវេសន៍ សម្ដេចក្រឡាហោមឱ្យដឹងថា ការងារនេះ ក៏មានការខិតខំប្រឹងប្រែង​សម្រេច​បានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ជាពិសេសការបង្កើនវិធានការគ្រប់គ្រងវត្តមានស្នាក់នៅ​របស់ជនបរទេស ការគ្រប់គ្រងការចេញចូលប្រទេស ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស​ដែលបង្កឡើងដោយជនបរទេស និងការធ្វើទំនើបកម្មការងារអន្តោប្រវេសន៍តាម​ប្រព័ន្ធបច្ចេក​វិទ្យាឌីជី​ថល សំដៅធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងចូលរួមជំរុញការអភិវឌ្ឍ​ប្រទេស​ជាតិ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធី​ជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ (២០២១​-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញ​ពីការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលក្នុងការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មាន​សមត្ថ​ភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសា​ធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។

សម្ដេចបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត៦០ ត្រូវបាន​ផ្ទេរ​ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបាន​ប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាម​យន្តការ​ច្រកចេញចូលតែមួយ។ រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦លានដុល្លារ ក្នុងឆ្នាំ​២០១៨ ដល់ ១,១១៦លានដុល្លារក្នុងឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រៅពីសមិទ្ធផលខាងលើនេះ ក៏មានសមិទ្ធផល​នានា​ជាច្រើនទៀត ដែលក្រសួងមហាផ្ទៃខិតខំអនុវត្តសម្រេចបានក្នុងការងារបណ្តុះបណ្តាល កសាង​សមត្ថភាពធនធានមនុស្ស ទាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និងពន្ធនាគារ ការងារភស្ដុភារ និង​ហិរញ្ញវត្ថុ ការងារធ្វើសវនកម្ម អធិការកិច្ច និងការដោះស្រាយពាក្យបណ្តឹង សំណើ សំណូមពររបស់​ប្រជា​ពលរដ្ឋ ការងារ កែទម្រង់ពន្ធនាគារ ការងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការ អន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជាជាដើម។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ដែរថា បើទោះបីក្នុងឆ្នាំ២០២២ កម្ពុជា បា​ន​ពុះពារ​ឆ្លង​កាត់ ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមនានាយ៉ាងណាក្តី ប៉ុន្តែផ្អែកតាមការវាយតម្លៃលើ​សភាព​ការណ៍ប្រកួតប្រជែងដណ្តើមយកភូមិសាស្ត្រនយោបាយដ៏តានតឹង និងស្មុគស្មាញរបស់ប្រទេស​មហា​អំណាចនានា មិនទាន់មានសញ្ញថមថយនៅឡើយទេ ដែលនឹងបន្ដធ្វើឱ្យមាន​បញ្ហាប្រឈមមក​លើ​សភាព​ការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាសកល បង្កឱ្យមានការព្រួយបារម្ភអំពីការ​កើន​​ឡើងនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើតឡើងនូវបទ ល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះ​ពាល់​ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្ម ផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានសង្កត់ធ្ងន់ថា ការងារនេះ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើន​ការ​តាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍ តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹង​ការគ្រប់​គ្រង​សភាពការណ៍នៅក្នុងផ្ទៃក្នុងប្រទេស សំដៅដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការ​នានា​ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាព​សង្គម ឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិ លើកទី៧ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ និងការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ជាបន្តទៀត៕