(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិក្រាំងពង្រ ភូមិក្រាំងស្វាយ ភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាឱកាសនោះលោក ឃ្លាំង ហួត បានចូលរួមត្រេកអរជាមួយបងប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជីកម្មសិទ្ធដីធ្លីរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាមិនធ្លាប់មានសម័យណាដែលធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋដូចសម័យ សម្ដេចតេជោ ហ៊ុន សែននេះទេ។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ ដោយសារតែកត្តាសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វេីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ លេីគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋកំពុងតែធ្វេីឡេីងយ៉ាងសស្រាក់សស្រាំនៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោក ឃ្លាំង ហួត បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ យោគយល់គ្នា សម្របសម្រួលគ្នា កុំមានបញ្ហារឿងព្រំដីជាប់គ្នា កើតជាទំនាស់រវាងគ្នា។ លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែផ្តល់ជូន កម្មសិទ្ធិដីស្របច្បាប់ជូនតែប៉ុណ្ណោះ លោកនឹងជំរុញមន្ត្រីជំនាញខណ្ឌ ចុះរៀបចំបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់អោយបានធំ នៅតំបន់ព្រែកតាឡុងនេះឲ្យល្អប្រសើរថែមទៀត។
នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើកដៃប្រណម ថ្លែងអំណរដល់សម្តេចតេជោ ហ៊ុន សែន និងលោក ឃួង ស្រេង ដែលបានផ្តល់កម្មសិទ្ធិដីជូនពួកគាត់ ដែលពួកគាតទន្ទឹងរង់ចាំជាយូរមកហើយ៕