(ភ្នំពេញ)៖ សាលាឧទ្ធរណ៍បានសម្រេចដាក់ បណ្ដឹងរបស់លោក សួន សេរីរដ្ឋា ប្រធាគណបក្សអំណាចខ្មែរ ដែលបានប្ដឹងលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លើសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើស» តម្កល់ទុកឥតចាត់ការ ដោយបានអះអាងថា ដីការសម្រេចតម្កល់ទុកឥតចាត់ការ របស់សាលាដំបូងរាជធានី ភ្នំពេញ ទុកជាបានការដដែល ដោយសេចក្ដី សម្រេចនេះ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។ នេះបើតាមសេចក្ដីសម្រេចរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃ អយ្យការអមសាលាឧទ្ធរណ៍ ដែលអង្គភាព Fresh News ទើបទទួលបាន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។
សេចក្ដីសម្រេចតម្កល់រឿងទុកឥតចាត់ការបស់អគ្គព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
សូមរំលឹកថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពីបទ «បរិហាកេរ្តិ៍» បន្ទាប់ពីលោក ហោ ណាំហុង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា «មានគណបក្សជាច្រើននៅកម្ពុជា គឺនិយាយជារួម មិនសំដៅតែលើគណបក្ស សួន សេរីរដ្ឋា នោះទេ ធ្លាប់ធ្វើភេរវកម្ម» ដែលប្រការនេះ ត្រូវបានប្រធានគណបក្សអំណាចខ្មែរ និងសមាជិកយល់ថា មានការប៉ះពាល់ដល់ កិត្តិយសរបស់គណបក្ស ហើយបានដាក់ប្ដឹងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ តែត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ តម្កល់ទុកឥតចាត់ការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង និងសេចក្ដីសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់សាលាឧទ្ធរណ៍៖