(កំពង់ធំ)៖ ស្ថានីយ៍សាំង «L.H.R» មួយកន្លែងស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលគេស្គាល់ម្ចាស់ឈ្មោះ សាន ត្រូវបានមហាជនរិះគន់ថា ត្រូវរ៉ូវគ្នាជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បាននាំសាំងគេចពន្ធជាច្រើន ចូលមកលក់ និងចែកចាយនៅក្នុងខេត្តកំពង់ធំ ដោយមួយសប្ដាហ៍បង់លុយឲ្យសមត្ថកិច្ចម្ដងៗ។
សមត្ថកិច្ចតូចតាចតាមមូលដ្ឋាន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សាំងដែលចូលមកខេត្តកំពង់ធំ គឺជាសាំងគេចពន្ធ ព្រោះច្បាប់តម្រូវឲ្យផ្គត់ផ្គង់ខេត្តព្រះវិហារតែប៉ុណ្ណោះ តែបែរជាលោក សាន នាំចូលមកលក់ដុំ និងលក់រាយ នៅខេត្តកំពង់ធំ ដោយត្រូវជាមួយនគរបាលសេដ្ឋកិច្ច ជាអ្នកបើកភ្លើងខៀវជាយូរមកហើយ ទើបមិនខ្វាយខ្វល់នឹងការបង្រ្កាប។ ពាក់ព័ន្ធ និងការចោទប្រកាន់នេះ លោក សាន ដែលជាម្ចាស់ស្ថានីយ៍សាំងបានឆ្លើយថា លោកពុំមានច្បាប់នាំចូលទេ គឺមានតែនៅថៅកែក្រុមហ៊ុនធំតែប៉ុណ្ណោះ។
ចំណែកកូនចៅវិញឆ្លើយថា ថៅកែខ្លួន បានបង់លុយឲ្យនគរបាលសេដ្ឋកិច្ច និងគយ ក្នុងខេត្តកំពង់ធំ រយៈពេល១អាទិត្យម្ដង ទើបអាចនាំយកសាំងចូលមកបាន។
លោកវីរសេនីយ៍ទោ វ៉ា ចាន់កុសល ប្រធានការិយាល័យប៉ុស្ដិ៍នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ធំ បានឆ្លើយថារវល់ ដោយឲ្យទូរស័ព្ទទៅកូនចៅ ចំណែកកូនចៅរបស់លោកបានឆ្លើយថា សាំងទាំងនោះបានដឹកចូលគ្មានច្បាប់ មកលក់យូរណាស់មកហើយ មិនហ៊ានបង្រ្កាបទេ ព្រោះជាសាំងអ្នកធំ។
លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានបកស្រាយថា លោកពុំដែលបានដឹងសោះរឿងសាំងអត់ពន្ធនេះទេ ដោយសំអាងឃើញគេមានស្ថានីយ៍សាំង ត្រឹមត្រូវតែលោក នឹងឲ្យកម្លាំងនគរបាលសេដ្ឋកិច្ចចុះទៅដល់កន្លែង ដើម្បីត្រួតពិនិត្យមើលតាមផ្លូវច្បាប់៕