ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះដែលកំពុងជិះម៉ូតូ ត្រូវបុរសម្នាក់ទៀតជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវដឿងហែម បុកចំពាក់កណ្ដាលឲ្យដួល បោកទៅនឹងថ្នល់ ហើយក្រោយពីបង្កហេតុជនបង្កលើកម៉ូតូជិះរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-9149 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវដឿងហែម ជ្រុលមកបុកពេញទំហឹង បណ្ដាលឲ្យបុរសដែលជាម្ចាស់ម៉ូតូវ៉េវ ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ក្រោយពីបង្កហេតុ ជនបង្កបានលើកម៉ូតូរបស់ខ្លួន ហើយជិះរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ ហៅរថយន្ដសង្គ្រោះបន្ទាន់ឲ្យ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ច មូលដ្ឋានបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល បឹងសាឡាង ដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅវិញ៕