(ក្រចេះ)៖ លោក ហង់ ចាន់ឌី អភិបាលរងខេត្តតំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលធ្វើឡើងនៅរដ្ឋបាលសាលាស្រុកឆ្លូង។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពី ក្រុមការងារគណៈកម្មការគ្រប់គ្រងសំរាមស្រុក និងតំណាងបរិស្ថាន ដោយក្នុងសេចក្តីសម្រេច ក្នុងប្រការ១ ត្រូវបានបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនស្រុកឆ្លូង រួមមាន លោកស្រី គង់ លឹមហូ អភិបាលស្រុក ជាប្រធាននៃគណៈកម្មាធិការ និងលោក ធី ស៊ាងឡេង អភិបាលរងស្រុក ជាអនុប្រធានអចិន្រ្តៃយ៍។

លោក ហង់ ចាន់ឌី បានថ្លែងការគាំទ្រ និងបានជំរុញឲ្យមានកិច្ចប្រតិបត្តិការងារគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ដែលអនុវត្តដោយរដ្ឋបាលស្រុក ត្រូវរៀបចំលិខិតបទដ្ឋានចាំបាច់នានាសម្រាប់ណែនាំ និងជំរុញការអនុវត្តវិធានការ បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

លោកបានណែនាំដល់រដ្ឋបាល ស្រុកក្នុងការរៀបចំផែនការគ្រប់គ្រង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជំរុញគាំទ្រការបង្កើតសេវាសម្អាត ប្រមូល និងដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាមសំណល់រឹងទីប្រជុំជន។

បន្ថែមពីនេះ សាលាស្រុកត្រូវរៀបចំផែនការចេញដីកា កំណត់តម្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយតម្លាភាព គណនេយ្យប្រសិទ្ធភាព និងនិរន្តរភាព សំដៅធានាបានសោភណ្ឌ័ភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ព្រមទាំងបន្តគាំទ្រ និងជំរុញការអប់រំ និងការផ្សព្វផ្សាយតាមគ្រប់រូបភាពដល់សាធារណជនអំពីសារប្រយោជន៍ នៃការញែកសំរាម សំណល់រឹងទីប្រជុំជន អំពីកម្មវិធីកាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងលើកកម្ពស់ការប្រើប្រាស់ផលិតផល ដែលបានការកែច្នៃសំរាម សំណល់រឹងទីប្រជុំជន៕