(ភ្នំពេញ)៖ លោកឧកញ្ញា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជាទូទាំងប្រទេស សម័យប្រឡង ១៧ កុម្ភៈ ២០២៣ នៅមណ្ឌលប្រឡង វិទ្យាស្ថានអាន់នៀកម៉ះភ្នំពេញ ត្រូវខិតខំបញ្ចេញសមត្ថភាព បញ្ញា ចំណេះដឹងចេញមកឲ្យអស់ ដើម្បីសម្រិតសម្រាំងធនធានមនុស្សមុស្លីមកម្ពុជាដ៏ល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់។

លោកចាងហ្វាងបានថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា នៅមណ្ឌលប្រឡងវិទ្យាស្ថាន អាន់នៀកម៉ះភ្នំពេញ ដែលមានទីតាំងនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកឧកញ៉ា បានលើកឡើងថា «ចំពោះប្អូនៗ ជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អ ត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសា ហើយបេក្ខជន បេក្ខនារីទាំងអស់មុន និងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសដោយប្រការណាមួយ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង»។

លោកឧកញ៉ា បានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ។

គួរបញ្ជាក់ថា ទាក់ទងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា ដែលរៀបចំដោយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមនេះ គឺប្រព្រឹត្តិទៅក្នុងរយៈពេល១៣ថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ប្រឡងផ្ទាល់មាត់ និងថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ប្រឡងសំណេរ ដែលមានមណ្ឌលប្រឡងចំនួន១ ស្មើ២បន្ទប់ មានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន៧៦នាក់ ស្រី៤៣នាក់៕