(កំពង់ឆ្នាំង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូក្របខ័ណ្ឌខ្មែរឥស្លាមទាំងអស់ សូមបន្តខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងស្មារតី ក្នុងការបង្រៀនសិស្សានុសិស្ស ដើម្បីឲ្យវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យកាន់តែមានគុណខ្ពស់។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម ចំនួន១៦៦នាក់ នៅខេត្តកំពង់ឆ្នាំង ដើម្បីជំរុញ និងលើកទឹកចិត្តដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យវិស័យអប់រំឥស្លាមកម្ពុជា កាន់តែរីកចម្រើនឡើង។

លោកបណ្ឌិត បានលើកឡើងថា រដ្ឋាភិបាលបានផ្ដល់គ្រូក្របខណ្ឌខ្មែរឥស្លាម ចំពោះសហគមន៍ឥស្លាម ជាការគិតគូរ និងលើកស្ទួយវិស័យអប់រំឥស្លាមនៅកម្ពុជា។ លោកបន្ដថា ការទទួលបានគ្រូក្របខ័ណ្ឌខ្មែរឥស្លាមចំនួន១,៥០០នាក់ ក្នុងឆ្នាំ២០១៥ ពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការដោះទុក្ខកង្វល់ដ៏ធំធេងរបស់សហគមន៍ឥស្លាម ដែលតែងតែធ្វើការរៃអង្គាសថវិកាតាមលទ្ធភាព ពីប្រជាពលរដ្ឋឥស្លាមទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ជីវភាពគ្រូបង្រៀនឥស្លាមនាពេលនោះ។

លោក អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាមគ្រប់រូប ត្រូវដឹងគុណតម្លៃដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវគោរពស្រលាញ់គាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបានសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលផ្សេងៗទៀត សម្រាប់ប្រទេសជាតិទាំងមូល។ លោកបានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូក្របខណ្ឌខ្មែរឥស្លាមទាំងអស់ឲ្យបន្តសហការ សាមគ្គីគ្នាជាធ្លុងតែមួយ ចេះជួយទុក្ខធុរៈគ្នា និងខិតខំប្រឹងប្រែងក្នុងការបង្រៀនសិស្សានុសិស្ស ដើម្បីឲ្យវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យកាន់តែមានគុណខ្ពស់៕