(ភ្នំពេញ)៖ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យអប់រំ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ក្រុមហ៊ុន Big Bad Wolf Cambodia បានរៀបចំកម្មវិធី តាំងពិព័រណ៍សៀវភៅ Big Bad Wolf Cambodia ដែលធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងផ្សារទំនើបអូឡាំព្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រី អគ្គនាយិកាផ្សារទំនើបអូឡាំព្យា។

លោក Andrew Yap សហស្ថាបនិកក្រុមហ៊ុន Big Bad Wolf Books ប្រទេសម៉ាឡេស៊ី បានជម្រាបជូនថា ការដាក់តាំងលក់សៀវភៅ Big Bad Wolf គឺចង់កសាង វប្បធម៌នៃការអាននៅកម្ពុជា ដោយនាំមកសៀវភៅភាសាអង់គ្លេស ដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។

សៀវភៅជាច្រើនប្រភេទត្រូវយកមកដាក់តាំងមានដូចជា សៀវភៅសម្រាប់កុមារ រឿងប្រឌិត រឿងពិត ដែលអនុញ្ញាតឲ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត សៀវភៅល្បីៗ ប្រលោមលោក រឿងប្រឌិតបែបវិទ្យាសាស្រ្ត មនោសញ្ចេតនា សៀវភៅអភិវឌ្ឍខ្លួន អក្សរសាស្រ្ត ប្រលោមលោកក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្ម និង រចនាសៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណសៀវភៅដ៏ធំនេះ ហើយវាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និងបង្រៀនឲ្យមនុស្សមាន ទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើឲ្យ ក្មេងៗជំនាន់ក្រោយធំដឹងក្តី ពោរពេញដោយចំណេះដឹង។

បន្ទាប់ពីលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាមតិយោបល់បញ្ជាក់ពីសារៈសំខាន់ក្នុងការអានសៀវភៅ និងគាំទ្រចំពោះការរៀបចំពិពរណ៍សៀវភៅនេះរួចមក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចាត់ទុកថា ការតាំងពិពរណ៍ លក់សៀវភៅនាឱកាសនេះ គឺមានសារសំខាន់ណាស់ ហើយបាននាំយកនូវសៀវភៅថ្មីៗ ល្អៗពីក្រៅប្រទេសចំនួន ១ លានក្បាល មកឲ្យប្រជាពលរដ្ឋកម្ពុជា បានអានដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

តាមរយៈនេះដែរ លោកបានសំណូមពរដល់ ក្រុមហ៊ុន Big Bad Wolf នាំយកសៀវភៅល្អៗ ថ្មីបន្ថែមទៀត សម្រាប់ការតាំងពិពរណ៍នៅឆ្នាំ ក្រោយៗបន្តទៀត។ សម្រាប់ឱកាសនេះ លោកទិញនូវ សៀវភៅមួយចំនួន ដាក់ក្នុងផេក ដាក់នៅបណ្ណាល័យក្រសួងព័ត៌មាន និងដាក់នៅបណ្ណាល័យបញ្ញាវ័ន សម្រាប់អ្នកចូលចិត្តអាន មានសៀវភៅល្អអានបន្តទៀត។ លោកបញ្ជាក់ថា សៀវភៅទាំងអស់នេះ ថ្មីល្អថ្លៃ តែលក់ក្នុងតំលៃថោកសមរម្យ មិនមែនសៀវភៅចាស់នោះទេ។ ដូច្នេះយើងទាំងអស់គួរតែទិញទុកយកទៅអាន ឲ្យបានច្រើន ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្នការអានសម្រាប់លោក គឺ ៩០ % អានតាមប្រពន្ធ័ អេឡិកត្រូនិច តែក៏នៅត្រូវការទិញសៀវភៅមកអានដែរ ព្រោះងាយស្រួលចំណាំទុកកន្លែងដែលសំខាន់ៗ ទុកបើកមើលលើកក្រោយទៀត ហើយការអានសៀវភៅក៏ជួយធ្វើការរំលឹកឡើងវិញនូវកិច្ចការមួយចំនួនថែមទៀតផងដែរ។ ចំណេះដឹងដែលរូបលោក មានមកដល់ថ្ងៃនេះ អាចនិយាយបានថា ៥០ % បានមកពីការសិក្សានៅសាលា ហើយ៥០%ទៀត បានដោយសារការអានសៀវភៅ បើប្រៀបធៀបពីសម័យមុន និងសម័យឥឡូវនេះ សៀវភៅសំបូរជាងរាប់ពាន់ដង ហើយគុណភាព លើស១ម៉ឺនដង ព្រោះការបោះពុម្ព និងរចនាសៀវភៅស្អាតៗ ហើយជាភាសាខ្មែរថែមទៀតផង។

ទាក់ទងការអានសៀវភៅនេះដែរ លោកបានលើកឡើងថា តាមការស្រាវជ្រាវផ្នែកចិត្តសាស្រ្ត បើយើងមើលទូរទស្សន៍ ខួរក្បាលយើង៩០ % តាមរូបភាព អត់មានពេលវិភាគនោះទេ តែបើការអានវិញគឺ៣០ % សម្រាប់ការអាន ហើយ ៧០ % សម្រាប់ធ្វើការវិភាគ។ ការអានសៀវភៅមានផលប្រយោជន៍ច្រើនណាស់ មិនត្រឹមតែធ្វើឲ្យចេះដឹងនោះទេ ថែមទាំងធ្វើឲ្យខួរក្បាលយើងរីក វិវឌ្ឍលឿន ទៀតផង។

គួររំលឹកដែរថា កាលខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Big Bad Wolf Cambodia បានរៀបចំពិធីតាំងពិព័រណ៍ និងលក់ សៀវភៅក្នុងតម្លៃទាបប្រមាណជាង ១លានក្បាល នៅរាជធានីភ្នំពេញ ដោយបានទាក់ទាញមហាជន ជាពិសេសយុវជនឱ្យចាប់អារម្មណ៍លើការអាន និងមានវត្តមានយ៉ាងច្រើនមកចូលរួម។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅប្រទេសចំនួន១៥ ក្នុងនោះមាន ៣៧ ទីក្រុង ដែលបានទៅដល់និងប្រារព្ធពិធីនេះឡើង។

ពិព័ណ៍សៀវភៅនេះ បើកឲ្យសាធារណៈជនចូលរួមដោយ សេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២យប់។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះតាមរយៈការ បរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក៕