(កំពង់ឆ្នាំង)៖ ក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ គេនៅតែសង្កេតឃើញកើតមានបទល្មើសនេសាទ ពីការដាក់សម្រាស់ស្ទាក់ចាប់ត្រីជាច្រើនកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលការនេសាទប្រភេទនេះ ក៏ត្រូវបានច្បាប់ស្ដីពី ជលផលហាមឃាត់ជាដាច់ខាត ព្រោះវាបានបំផ្លាញទាំងពូជមច្ចាជាតិ ទាំងព្រៃលិចទឹក ក៏ដូចជាធ្វើឲ្យគោករាក់ ក្នុងផ្ទៃបាតបឹងទន្លេទៀតផង។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចចំរុះទាំងថ្នាក់ជាតិ និងខេត្ត បាននិងកំពុងបន្តប្រតិបត្តិការបង្ក្រាបជារៀងរាល់ថ្ងៃ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានជនល្មើសមួយចំនួន នៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសទាំងនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោយពីទទួលបានរូបភាពបទល្មើសដាក់សម្រាស់ខាងលើនេះ ដែលអ្នកសារព័ត៌មានរាយការណ៍ជូន លោកក៏បានប្រាប់តាមទូរស័ព្ទវិញឲ្យដឹងថា បទល្មើសដាក់សម្រាស់ ឬហ៊ុសម្រាស់ចាប់ត្រីខុសច្បាប់ លោកធ្លាប់បានណែនាំ និងព្រមានដល់មន្ត្រីជំនាញជលផលគ្រប់សង្កាត់នេសាទ និងគ្រប់ផ្នែកនេសាទ ក្នុងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួចហើយ គឺមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត។

លោកបន្តថា ករណីនៅតែកើតមានបទល្មើសដាក់សម្រាស់ដូចខាងលើនេះ បើស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវណាមួយរបស់មន្ត្រីនោះ គឺនាយសង្កាត់នេសាទ, នាយផ្នែកនេសាទនៅក្នុងភូមិសាស្ត្រនោះ ត្រូវទទួលខុសត្រូវចំពោះមុខមន្ទីរកសិកម្ម ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាមួយប្រមុខរាជរដ្ឋាភិបាល ដែលបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់កន្លងមក ពីការបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទកើតឡើង គឺអាចប្រឈមនឹងការដកមុខដំណែងតួនាទី ឬបណ្តេញចេញពីក្របខណ្ឌទៀតផង។

ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយប្រើសម្រាស់មែកឈើខាងលើនេះ បើតាមអ្នកជំនាញផ្នែកជលផលធ្លាប់ បានបញ្ជាក់ឲ្យដឹងថា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖

* ទី១៖ ទៅលើព្រៃលិចទឹក ពីព្រោះដើម្បីមានសម្រាស់ដាក់ ប្រជានេសាទទាំងនោះត្រូវតែកាប់ព្រៃលិចទឹក ទាំងដើមធំដើមតូច ដោយអូសសណ្ដោង ឬដឹកតាមទូកធំៗ យកមកទម្លាក់ក្នុងទីតាំងដែលមានទឹកបឹង ឬទន្លេដែលមានអន្លង់ជ្រៅៗ សម្រាប់ឲ្យត្រីចូលជ្រកក្នុងរដូវសម្រក ទៅតាមទំហំបណ្តុំសម្រាស់តូច ឬធំដែល គេមានលទ្ធភាពដាក់ មានអ្នកខ្លះគេមានលទ្ធភាពគេអាចកាប់សម្រា ស់ដាក់រហូតទំហំពី១៥០ម៉ែត្របួនជ្រុង ឬធំជាងនេះ ចំណែកអ្នកខ្លះ ដែលគ្មានលទ្ធភាពអាចដាក់ត្រឹមតែទំហំពី២០ម៉ែត្រទៅ៥០ម៉ែត្រ៤ ជ្រុងឬតូចជាងនេះ។

* ទី២៖ នៅពេលដែលគេយកសម្រាស់មែកឈើទៅដាក់បណ្ដុំគ្នានៅកន្លែងទឹកអន្លង់ជ្រៅៗ លុះនៅពេលទឹកបឹងទន្លេសាបហូរចាក់ចូលទៅទន្លេមេគង្គវិញ វាអាចនាំដីរបាប់ភក់ ខ្សាច់ ហូរមកទើត្រឹមបណ្តុំសម្រាស់ទាំងនោះ អាចធ្វើឲ្យជម្រៅទឹកនៅទីនោះគោករាក់បាតទន្លេផងដែរ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទតាមដងទន្លេនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានធ្វើដំណើរតាមកាណូតបាឡាស្មាច់មួយគ្រឿង ចេញពីក្រុងកំពង់ឆ្នាំង ឆ្ពោះទៅកាន់ឃុំប្រឡាយមាស ស្រុកកំពង់លែង ដើម្បីស្វែងរកបទល្មើសការដាក់សម្រាស់ខុសច្បាប់ តាមការរាយការណ៍របស់ប្រជាពលរដ្ឋ។

ជាក់ស្តែងអ្នកសារព័ត៌មាន បានប្រទះឃើញបទល្មើសការដាក់សម្រាស់ នៅចំណុចព្រែកកោះបាយក្រៀម ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមានបទល្មើសដាក់សម្រាស់ច្រើនជាដុំ (កន្លែង) មានទំហំវែងៗ ស្ថិតនៅក្នុងព្រែកកោះបាយក្រៀមតូច ហើយប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២១ ខែកុម្ភៈនេះ នៅចំណុចចុងកោះបាយក្រៀមចុងភូមិ និងមានការហ៊ុសម្រាស់ នៅពេលយប់មួយកន្លែងផងដែរ។

ដោយឡែក នៅចំណុចពាមជីព្រីងខាងត្បូងកោះបាយក្រៀម ក៏មានសម្រាស់ធំៗ និងវែងៗ រាប់រយម៉ែត្រជាង១០កន្លែង និងមានទំហំនីមួយៗ មិនតូចនោះឡើយ នេះគ្រាន់តែជាចំណុចមួយជ្រុងតូចនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ដែលប្រជាពលរដ្ឋរាយការណ៍មកតែប៉ុណ្ណោះ។

មន្ត្រីជំនាញក៏ធ្លាប់បានអះអាងជាច្រើនលើក ច្រើនសារប្រាប់បណ្ដាញព័ត៌មាន Fresh News ថាករណីបទល្មើសនេសាទទាំងការដាក់របាំងស្បៃមុង ការដាក់របាំងលបលូលើសប្រវែងកំ ណត់ និងការដាក់របាំងធ្នួសភ្ជិតព្រែក ក៏ដូចជាការដាក់សម្រាស់ និងបទល្មើសនេសាទផ្សេងៗទៀតទាំងអស់កន្លងមកនេះ មន្ត្រីជំនាញក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនដែលឃុបឃិត និងអនុញ្ញាតឲ្យពួកគាត់ប្រព្រឹត្តបែបនេះម្ដងណាឡើយ។

មន្ត្រីជំនាញក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចគ្រប់មូលដ្ឋានតែងតែចុះបង្ក្រាបជាញឹកញាប់ និងជាប្រចាំតែរាល់ការកើតមាននៅរាល់បទល្មើសនេសាទខ្លះ ដូចខាងលើនេះ គឺជនខិលខូចមួយចំនួនតូច នៅតែបានលួចឆ្លៀត ឱកាសធ្វើសកម្មភាពខណៈដែលសមត្ថកិច្ចយើងមមាញឹកក្នុងការបំពេញការងារផ្សេងៗ ឬក៏ពួកគេឆ្លៀតឱកាសនៅពេលយប់។ តែទោះជាយ៉ាងនេះក្តី ក៏មន្ត្រីជំនាញជលផល ក៏ដូចជាគណៈបញ្ជាការឯកភាពតាមបណ្ដាស្រុកមួយចំនួន ជាប់បឹងទន្លេសាប នៅតែបន្តចុះបង្ក្រាបនូវរាល់បទល្មើសនេសាទ មិនដែលមើលរំលង និងបណ្តែ តបណ្ដាយឲ្យពួកគាត់បន្តប្រព្រឹត្តបែបនេះនោះឡើយ៕