(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទាំង៦ បានបន្តយាមល្បាត ក្នុងភូមិសាស្ត្ររបស់ខ្លួន នារដូវកាលប្រកួតបាល់ទាត់យ៉ូរ៉ូ ២០១៦ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនចែកចាយគ្រឿងញៀន៣នាក់ ដោយដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង នៅវេលាម៉ោង៣៖៣០នាទីយប់ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងលេខ៩០៧ កែងផ្លូវ៦២ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលយើងកំពុងល្បាតនោះ ស្រាប់តែបានប្រទះឃើញជនត្រូវសង្ស័យ ជិះម៉ូតូ១គ្រឿងមានបក្ខពួក៣នាក់ ក៏ធ្វើការឃាត់ និងឆែកឆេរកឃើញថ្នាំញៀន១កញ្ចប់ សង្ស័យជាម៉ាទឹកកកដែលក្រុមទាំងនេះ បានរក្សាលាក់ទុកនៅក្នុងមាត់ បម្រុងយកទៅធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា រួមទាំងដកហូតម៉ូតូ១គ្រឿង ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា ជនសង្ស័យទី១-ឈ្មោះ ឃឿន ទិត្យ អាយុ២០ឆ្នាំ មានមុខរបរកម្មករ ទី២-ឈ្មោះ ឆាន លីហៀ អាយុ១៩ឆ្នាំ មានមុខរបរកម្មករ និងទី៣-ឈ្មោះ ឈុត ហៀង អាយុ២៣ឆ្នាំមានមុខរបរកម្មករ។ បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យពាក់ព័ន្ធគ្រឿងញៀនទាំង៣ នាក់រួមជាមួយវត្ថុតាង បាននិងកំពុងបន្តឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ៕