(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានប្រកាសលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យជ្រើសរើសជំនាញចុងភៅដែលជាជំនាញវិជ្ជាជីវៈ ខណៈជំនាញនេះសិក្សារយៈពេលខ្លី ទទួលបានជំនាញច្បាស់លាស់ ងាយស្រួលរកការងារធ្វើ ព្រមទាំងអាចធ្វើការបម្លាស់ទីការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របតាមច្បាប់ការងាររបស់ប្រទេសទទួល។

លោក ទ្រី ឈីវ ប្រធាន​នាយក​ដ្ឋាន​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ និង​អាស៊ាន នៃ​ក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា បច្ចុប្បន្នមានសាលាចំនួន៧ទូទាំងប្រទេសកំពុងទទួលបណ្ដុះបណ្ដាលជំនាញចុងភៅនេះ និងបានអនុវត្តតាមកម្មវិធីបណ្តុះបណ្តាលអាស៊ាន MRA ប្រចាំរាជធានី-ខេត្ត រួមមាន វិទ្យាស្ថាន ប៉េ អេស អឺ, សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល, វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC), សាលាសណ្ឋាគារសាលាបាយ, អង្គការស្លាបព្រាកម្ពុជា, សាលាដុនបូស្កូ, មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ឡឺ ទន្លេ ជាដើម។ លោកក៏បានលើកទឹកចិត្តដល់សិស្សនិស្សិតទៅទំនាក់ទំនងព័ត៌មានជាមួយសាលាបណ្ដុះបណ្ដាលទាំង៧ខាងលើ។

លោក ទ្រី ឈីវ បានបន្តថា ក្នុងការសិក្សាជំនាញចុងភៅនេះ សិស្ស-និស្សិតទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងទទួលបានឱកាសការងារ ១០០% នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានលំដាប់។

លោកប្រធាន​នាយក​ដ្ឋាន​បានបន្តទៀតថា ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ប្រមាណ១៥០នាក់ និងគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃអាស៊ានចំនួន៤នាក់ ក្នុងនោះសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាមានប្រមាណ៥០០០នាក់។

សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមរាជធានី-ខេត្តបាននិងកំពុងបណ្តុះបណ្តាលសិស្សផ្នែកជំនាញផ្នែកផលិតកម្មម្ហូបអាហារ (ជំនាញធ្វើម្ហូប និងធ្វើនំ) បានចំនួន៥០០០នាក់។

បើតាមលោកប្រធាន ទ្រី ឈីវ កម្ពុជាធ្លាប់បានបញ្ជូនអ្នកជំនាញចុងភៅកម្ពុជា ទៅប្រកួតជំនាញអាស៊ាន (ASEAN Skill Competition) ដូចខាងក្រោម៖

* ឆ្នាំ២០១២ នៅប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយឆ្នើមចំនួន១ ផ្នែកចុងភៅ។
* ឆ្នាំ២០១៤ នៅប្រទេសវៀតណាម ទទួលបានមេដាយឆ្នើមចំនួន២ ផ្នែកចុងភៅ។
* ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានមេដាយឆ្នើមចំនួន២ ផ្នែកសេវាកម្មភោជនីយដ្ឋាន។
* ឆ្នាំ២០១៨ នៅប្រទេសថៃ ទទួលបានមេដាយឆ្នើមចំនួន១ ផ្នែកចុងភៅ និងមេដាយឆ្នើមជាតិ (Best of the Nation) ចំនួន១។

ដូច្នេះហើយទើបក្រសួងទេសចរណ៍លើកទឹកចិត្តដល់សិស្ស-និស្សិតឱ្យជ្រើសរើសជំនាញចុងភៅ ដើម្បីទទួលបានជំនាញច្បាស់លាស់ ងាយស្រួលរកការងារធ្វើ ព្រមទាំងអាចធ្វើការបម្លាស់ទីការងារទាំងក្នុងប្រទេស និងក្រៅប្រទេស៕