(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំសិក្ខាសាលាស្តីពី «ប្រព័ន្ឋគ្រប់គ្រងទិន្នន័យពលករបរទេស និងការពន្យារទិដ្ឋាការស្នាក់នៅ» នៅសាលប្រជុំ Fortune Life Insurance អគារឌឹហ្គេតវេយ៍ ជាន់ទី២៦។

ក្នុងសិក្ខាសាលា ដែលបានធ្វើឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ លោក ស៉ីម ហុង អនុប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនបកស្រាយ និងពន្យល់ណែនាំពីគន្លឹះសំខាន់ៗក្នុងការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) កិច្ចសន្យាការងារជនបរទេស សៀវភៅការងារជនបរទេស ការពិន័យ និងទោសទណ្ឌចំពោះការខកខាន ឬយឺតយ៉ាវក្នុងការស្នើសុំមិនបានទាន់ពេលវេលា។

ចំណែកឯលោកឧត្តមសេនីយ៍ទោ លី សុខគួង អនុប្រធាននាយកដ្ឋានជនបរទេសមិនមែន អន្តោប្រវេសន៍ និងបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្សព្វផ្សាយលម្អិតពីបែបបទ និងនីតិវិធីគន្លឹះក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការចូល ទិដ្ឋាការស្នាក់នៅ និងការផាកពិន័យផ្សេងៗចំពោះជនបរទេសទាំងឡាយណា ដែលពុំបានអនុវត្តបានត្រឹមត្រូវតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋអនឡាញពីសំណាក់ សមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា និងវិស័យឯកជនមួយចំនួនសរុបជាង ៦០ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ការស្នើសុំសៀវភៅការងារជនបរទេសប្រចាំឆ្នាំ នៅក្នុងប្រព័ន្ឋគ្រប់គ្រងទិន្នន័យពលករបរទេសរបស់កម្ពុជា មានថេរវេលាកំណត់ត្រឹមបំណាច់ចុងខែមីនានេះ។ រោងចក្រ និងសហគ្រាសទាំងអស់ ដែលកំពុងមានបញ្ហាប្រឈមក្នុងការស្នើសុំឯកសារ ៣ប្រភេទខាងលើនេះ អាចទំនាក់ទំនងដើម្បីផ្តល់ការព្រឹក្សាពីអគ្គលេខាធិការដ្ឋាន សមាគមស្បែកជើងកម្ពុជា តាមរយៈលេខទូរសព្ទ +8559832-9222 / +8559832-6222 ឬតាមរយៈអាសយដ្ឋានអ៉ីមែល [email protected].