(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានធ្វើការបំផ្លាញចោលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សរុបប្រមាណ៨,១៧២គីឡូក្រាម។

ការបំផ្លាញចោលនេះត្រូវបានរៀបចំឡើង នៅទីលានចាក់សម្រាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ។

លោកអគ្គនាយករង ក.ប.ប. បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ មន្រ្តីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក ប៊ុន ចំរើន បានអះអាងថា គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លង ចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។

លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានឲ្យដឹងថា ផលិតផលខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ដែលនាំយកមកបំផ្លាញ ចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បង្ក្រាបបានក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យតាមបណ្តាឃ្លាំង ស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមក រួមមាន៖

* បេះដូងជ្រូក ២៤៥កេស ស្មើនឹង១,៣១១គីឡូក្រាម
* អណ្តាតជ្រូក ៤៣៦កេស ស្មើនឹង២,៣៣៣គីឡូក្រាម
* ជង្គង់មាន់ ២១៧កេស ស្មើនឹង២,១៧០គីឡូក្រាម
* សត្វត្រីបង្កក ១០៨ថង់ ស្មើនឹង៩៧២គីឡូក្រាម
* សត្វទាបង្កក ១៩៥ថង់ ស្មើនឹង១,៣៨៦គីឡូក្រាម។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតលេខ៤៣៨ សហវ.គសហ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើចូលរួមសហការអនុវត្ត វិធានការត្រួតនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់ និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យ នៃជំងឺឆ្លងផ្សេងៗ លោក ផាន អូន បានដាក់បទបញ្ជាដល់មន្រ្តីក្រោម ឱវាទរបស់ខ្លួន ឲ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឲ្យប្រតិបត្តិករ អាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាព ពីប្រទេសនាំចេញ និងត្រូវគោរព និងអនុវត្តនូវលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោម ទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឲ្យបានត្រឹមត្រូវ៕