(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានប្រកាសឲ្យដឹងថា នឹងបង្ហាញវត្តមាន P9 Plus ដែលមានកាមេរ៉ាឆ្លាតវៃ២ ជាមួយអេក្រង់ធំ និងអង្គចងចាំធំជាងមុន ព្រមទាំងសំឡេងកាន់តែល្អជាងមុន នៅក្នុងទីផ្សារកម្ពុជា ជាផ្លូវការនៅក្នុងសប្ដាហ៍ទី១ នៃខែកក្កដានេះ។
អ្នកនិយមប្រើប្រាស់ស្មាតហ្វូន នឹងមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពដ៏កម្រ ព្រមទាំងការរចនារូបរាងយ៉ាងប្រណិតរបស់ P9 Plus ដែលមានគែមដូចចំណិតត្បូងពេជ្រ លេចធ្លោ កោងព័ទ្ធជុំវិញ ដែលត្រូវបានរចនាឡើងដោយក្រុមអ្នករចនាម៉ូដលំដាប់កំពូលៗ របស់ពិភពលោក។ P9 Plus ផ្ដល់មុខងារ «Press Touch» ថ្មីសន្លាង ដូចគ្នាទៅនឹងបច្ចេកវិទ្យា 3D Touch ដែលនឹងធ្វើឲ្យស្មាតហ្វូន នេះដំណើរការទៅកាន់ភាពរស់រវើក ហើយឆ្លើយតបបានយ៉ាងល្អបំផុត ពិសេសការ Preview មើលរូបភាព ការទាញមើលចំណុចលម្អិត លើរូបភាព និងការចុចចូលទៅក្នុងកម្មវិធី (App) ផ្សេងៗ តាមរយៈ Menu លោតចេញមកជាលក្ខណៈ shortcut នឹងដំណើរការកាន់តែ លឿននិងងាយស្រួលប្រើមិនទាក់។
ការរួមបញ្ចូលគ្នារវាង Hardware ដែលមានគុណភាពល្អប្រណីត ជាមួយនឹង Leica Dual Lenses ធ្វើឲ្យការថតរូបតាមរយៈ P9 Plus ឈានដល់កម្រិតកាន់តែខ្ពស់ថ្មីមួយទៀតដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពគុណភាពខ្ពស់ ឥតខ្ចោះពីទូរស័ព្ទទំហំល្មមពេញមួយប្រអប់ដៃនេះ។ ជាមួយសិនស័រពីរ (sensors) មាន RGB ដែលជំនាញក្នុងការចាប់ពណ៌ និង monochrome ជំនាញក្នុងការចាប់យកច្បាស់លើចំណុចលម្អិតនៃរូបភាពនោះ អ្នកនឹងអាចទទួលបាននូវរូបភាពដែលរឹតតែច្បាស់ ត្រជាក់ភ្នែកពីមុខងារកែពណ៌ និងពន្លឺដោយស្វ័យប្រវត្តិ (merging algorithm) របស់ Huawei P9 Plus ហើយលក្ខណៈពិសេសទាំងនេះ រួមជាមួយមុខងារកែរូបភាពដោយស្វ័យប្រវត្តិ (Picture Quality Algorithm) ដែលសហការបង្កើតឡើងដោយ Leica ធ្វើឲ្យអ្នកប្រើប្រាស់អាចផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាត ដូចទៅនឹងរូបភាពដែលថតដោយកាមេរ៉ាអាជីពអីចឹង បើទោះជាអ្នកថតនៅកន្លែងដែល មានពន្លឺទាបក៏ដោយ។
កាមេរ៉ាភ្លោះកម្រិត 12MP(Monochrome+RGB) ជាមួយមុខងារបន្ថែមជាច្រើនរួមមានលែន F2.2 (គាំទ្រ AF) ចេញវិញ្ញាបនបត្របញ្ជាក់ ដោយ Leica មុខងាររក្សាលំនឹងរូបភាពអេឡិចត្រូនិក (EIS) មុខងារធ្វើឲ្យរូបភាពភ្លឺម៉ត់ពណ៌ស្មើសាច់ល្អ មានមុខងារជំនួយពន្លឺ (BSI CMOS) និងភ្លើង Dual-tone flash ដែលអាចធ្វើឲ្យអ្នកថតរូបបានគ្រប់ស្ថានភាពទាំងអស់។ អត្ថប្រយោជន៍ទាំងនេះ អាចឲ្យអ្នកប្រើប្រាស់ចាប់យករូបភាពកម្រិតអតិបរមា និងថតវីដេអូគុណភាពខ្ពស់កម្រិត 1080P ចំនួន ៦០ហ្វ្រេម (60fps) ជាមួយកាមេរ៉ាមុខ កម្រិត 8MP មានមុខងារ auto focus ដែលនាំឲ្យអ្នកប្រើប្រាស់ អាចរីករាយជាមួយការថតរូប selfie បានល្អឥតខ្ចោះទាំងយប់ទាំងថ្ងៃ ក្នុងកម្រិតអតិបរមា 3264x2448 និងអាចថតវីដេអូគុណភាពកម្រិត 1080P ចំនួន៣០ហ្វ្រេម (30fps)។
P9 Plus ជាទូរស័ព្ទដែលមានអេក្រង់ FHD កាន់តែរស់រវើក មានមុខកាត់បណ្ដោយប្រវែង១៥២.៣មម ទទឹង៧៥.៣មម កម្រាស់៦.៩៨មម និងទម្ងន់១៦២ក្រាម (រួមទាំងថ្ម)។ វាធំជាង P9 ដោយមាន អេក្រង់ទំហំ៥.៥អ៊ីង កម្រិត 1920x1080 AMOLED ជាមួយកម្រិតដង់ស៊ីតេ ភិចសែល 401PPI និងបរិមាណពណ៌ 16.8M ក្នុងមួយភិចសែល។ ទូរស័ព្ទនេះ មកអង្គចងចាំស្រាប់ទំហំ 64GB ហើយអាចបន្ថែមរហូត ដល់ 128GB តាមរយៈ micro SD card ។ P9 plus មានភ្ជាប់ស្រាប់ជាមួយ Android™ ៦.០, HUAWEI OTA, Swype input method, Android GMS input (AOSP), HUAWEI EMUI 4.1Home Screen, Google Chrome Browser, មានសារ SMS និង MMS, POP3/IMAP/Exchange និងកម្មវិធីជាច្រើនទៀត។
P9 Plus ក៏អាចការពាររាល់ឯកសារសម្ងាត់ផ្ទាល់ខ្លូន និងឯកជនភាពរបស់អ្នកប្រើប្រាស់ តាមរយៈបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃដែល ឈានមុខគេលំដាប់ពិភពលោករបស់ Huawei ផងដែរ។ សិនស័រស្គែនក្រយ៉ៅដៃឈានមុខគេនេះ អាចឲ្យអ្នកប្រើប្រាស់កំណត់ឯកជនភាព និងសុវត្ថិភាពនៅលើឧបករណ៍ដោយការពារពីការលួចបន្លំ ឬការប្រើប្រាស់ឧបករណ៍ដោយចៃដន្យណាមួយហើយថែមទាំងផ្ដល់ភាពងាយស្រួលនិងឆាប់រហ័សដល់ម្ចាស់ទូរស័ព្ទក្នុងការប្រើប្រាស់មុខងារផ្សេងៗផងដែរ។
ជាមួយលក្ខណៈពិសេសទាំងអស់ដែល Hauwei P9 Plus មាន នឹងធ្វើឲ្យទូរស័ព្ទនេះកាន់តែអស្ចារ្យទៅទៀតជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart។ គម្រោង Power +ប្រចាំសប្ដាហ៍របស់ក្រុមហ៊ុន Smart ផ្ដល់ឲ្យអតិថិជនទាំងអស់នូវអ្វីដែលពួកគេត្រូវការទិន្នន័យ 1000MB, ២៥០នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ, ការផ្ញើសារ និងការប្រើប្រាស់បណ្ដាញសង្គម ដោយឥតដែនកំណត់ហើយនៅពេលដែល អ្នកជាវទូរស័ព្ទ Hauwei P9 Plus អ្នកនឹងទទួលបានការប្រើប្រាស់គម្រោង Power+ប្រចាំសប្ដាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយរហូតដល់៤សប្ដាហ៍ ហើយក៏នឹង ទទួលបានភាពរីករាយជាមួយអ៊ិនធឺណិត 4G LTE ល្បឿនលឿនបំផុតនៅកម្ពុជា របស់ក្រុមហ៊ុន Smart។ លោកអ្នកអាចជាវ Hauwei P9 Plus នៅហាង Smart Shop ព្រះមុនីវង្ស ព្រោះ Smart ជាប្រតិបត្តិករទី១ ដែលនឹងនាំទូរស័ព្ទនេះមកកាន់ទីផ្សារកម្ពុជា៕