(រតនគិរី)៖ រថយន្តបាឡែនមួយគ្រឿង ដឹកឈើប្រណិតពេញ មានទិសដៅលិចទៅកើតលើផ្លូវជាតិលេខ៧៨ បានលោតឆ័ត្រចូលក្រុងបានលុង ខេត្តរតនគិរី ប៉ុន្តែត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ចុះមកស្ទាក់ចាប់បាន បន្ទាប់ពីមានក្រុមអ្នកកាសែតបានរាយការណ៍ ទៅពួកគេ។ ការឃាត់រថយន្តដឹកឈើប្រណិតខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុងបានឲ្យដឹងថា សម្រាប់រថយន្តដឹកមួយគ្រឿងនេះ ត្រូវបានកម្លាំងរបស់លោក នាំយកទៅរក្សាទុកនៅទីស្នាក់ការដើម្បីចាត់ការតាមនីតិវិធីបន្តទៀត។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានលួចបង្ហើបថា សម្រាប់ការដឹកជញ្ជូនដឹកឈើប្រណិតខាងលើនេះ ក៏មានការជាប់ពាក់ព័ន្ធជាមួយលោក ស៊ឹម សីហា ហៅម៉ៅ ជាមន្ត្រីនគរបាល នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តផងដែរ។ តាមសេចក្តីរាយការណ៍ដដែល នៅខេត្តជាប់ព្រំដែនមួយនេះ បច្ចុប្បន្នមានមេឈ្មួញជនជាតិវៀតណាម៣នាក់ធំៗ បានផ្តល់លុយឲ្យដៃជើងរបស់ពួកគេរាប់សែនដុល្លារ ដើម្បីប្រមូលទិញឈើនៅក្នុងខេត្ត រួមមាន៖ ទី១- ឈ្មោះ អាចាំង ទី២- ឈ្មោះ អាយ៉ុង និងទី៣- ឈ្មោះ ចែ ហៀង៕