(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានថ្លែងថា គិតត្រឹមដើមឆ្នាំ២០២៣នេះ អ្នកជក់បារីទូទាំងប្រទេសប្រមាណ ១.៦លាននាក់ ស្មើនឹង១៣% នៃប្រជាជនអាយុពី១៥ឆ្នាំឡើង។

ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតថា្នក់ជាតិលើមនុស្សពេញវ័យស្តីពី ថ្នាំជក់នៅប្រទេសកម្ពុជាឆ្នាំ២០២១ ដែលប្រព្រឹត្ដទៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងបន្ដថា អត្រាអ្នកជក់បារីទូទាំងប្រទេសក្នុងចំណោមប្រជាជនអាយុពី១៥ឆ្នាំឡើង នៅឆ្នាំ២០១៤ មាន១៧% បានធ្លាក់ចុះមកត្រឹម១៣% ក្នុងឆ្នាំ២០២១ នេះ ក្នុងនោះអត្រាបុរសជក់បារី ៣៣%នៅឆ្នាំ២០១៤ចុះមក ២៥% ឆ្នាំ២០២១ នេះបើតាមការអង្កេតក្នុងរយៈពេល៥ឆ្នាំម្ដង។

«យើងទាំងអស់គ្នាសប្បាយចិត្ដ និងមានមោទនភាពដែលកម្ពុជាយើងមានការថយចុះនៃការជក់បារីបែបនេះ។ ការថយចុះនេះ ដោយសារតែមានការចូលរួមពីអន្ដរក្រសួង និងអង្គការដៃគូ ដែលជំរុញឱ្យការផ្សព្វផ្សាយអប់រំរបស់ក្រសួងបានដល់ដៃប្រជាពលរដ្ឋយើងនៅតាមសហគមន៍ ដែលធ្វើឱ្យពួកគាត់មានការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាពដោយសារជក់បារី»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។

លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានធ្លាប់ឱ្យបណ្ដាញព័ត៌មាន Fresh News ដឹងផងដែរថា តាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្របានរកឃើញថា ការជក់បារី បណ្ដាលឱ្យកើតជំងឺច្រើនមុខ ដូចជា ជំងឺមហារីក ជំងឺសរសៃបេះដូង ជំងឺបេះដូង ជំងឺសួត និងជំងឺទឹកនោមផ្អែម។

ទន្ទឹមនឹងនោះមន្ដ្រីជាន់ខ្ពស់រូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ សូមលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងអ្នកដែលមិនទាន់ចាប់ផ្តើម សូមចៀសវាង ដើម្បីសុខភាពផ្ទាល់ខ្លួន និងគ្រួសារ និងសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ទាំងអស់បន្ដចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ការប្រើប្រាស់ថ្នាំជក់ ប៉ះពាល់សុខភាពទាំងអ្នកជក់ និងស្រូបផ្សែងបារី ។លើសពីនេះ ថ្នាំជក់បំផ្លាញសុខភាពមនុស្ស បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ និងគំរាមគំហែងដល់បរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថ្នាំជក់ជាបញ្ហាសុខភាពសាធារណៈចម្បង ហើយបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាក់លាក់ ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ នេះបើតាមការបញ្ជាក់របស់លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល៕