(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែន អន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានថ្លែងប្រាប់ដល់ប្រាប់មន្ត្រីច្រកទ្វារអន្តរជាតិ ត្រូវបម្រើសេវាឲ្យបានល្អដល់ភ្ញៀវទេសចរ ជាពិសេសការធ្វើបដិសណ្ឋារកិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អ សម្រាប់ច្រកទ្វារអន្តរជាតិ» នៅទីស្តីការក្រសួងទេសចរណ៍។

លោក ហោ សារុន បានលើកឡើងថា ការគិតគូរបានសព្វគ្រប់អំពីកិច្ចការងារដែលបានបញ្ជាក់ក្នុង «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ» ពិតជាមិនអាចសម្រេចបានឡើងទេ បើសិនជាពុំមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ដោយផ្ដើមចេញពីការពង្រឹងសមត្ថភាពរបស់មន្ត្រីជាជនបង្គោលសម្រាប់ការអនុវត្តតាមរាជធានី ខេត្ត តម្រូវឲ្យត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។

លោករដ្ឋលេខាធិការ បានស្នើថា «(សូម) បន្តខិតខំស្វែងយល់អំពីចំណុចគន្លឹះសំខាន់ៗដែលមានបញ្ជាក់ក្នុង “ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ” ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្តដល់មន្ត្រីពាក់ព័ន្ធក្នុងអង្គភាពរបស់ខ្លួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អាជីវកម្មទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការវាយតម្លៃការទទួលបដិសណ្ឋារកិច្ចរបស់មន្រ្តីច្រកទ្វារអន្តរជាតិ»

លោក ហោ សារុន ក៏បានស្នើឲ្យមន្រ្តីបម្រើការនៅតាមច្រកទ្វារអន្តរជាតិ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត មានរៀបចំកម្មវិធីការងារចំពោះការផ្សព្វផ្សាយ និងអនុវត្ត «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ» ប្រសិនបើចាំបាច់ នៅក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួននីមួយ ដោយផ្ដើមចេញពីសាមីអង្គភាពពាក់ព័ន្ធ។

បន្ថែមលើនេះ លោកបានស្នើឲ្យមានការរៀបចំជាប់ប្រចាំអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមមកក្រសួងទេសចរណ៍ ចំពោះករណីដែលមានមន្ទិលក្នុងការអនុវត្ត ឬការ វិវឌ្ឍន៍ថ្មីៗ ដែលស្នើសុំឱ្យមានការសម្រេចជាក្របខណ្ឌគោលនយោបាយ ឬសកម្មភាពការងារអនុវត្តបន្តជាដើម។ មន្ត្រីបង្គោល និងជនបង្គោលរបស់យើង ត្រូវបន្តកិច្ចការងារនេះ និងធ្វើសហការជាបលាប់ជាមួយផ្នែកជំនាញ ពិសេសគឺនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ក្រោមទម្រង់ជាក្រុមតេឡេក្រាម ឬក្រុមការងារតែម្តងក្នុងករណីចាំបាច់។

លោកឧត្តមសេនីយ៍ទោ សំ តារា អនុប្រធាននាយកដ្ឋាននៃច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានថ្លែងថា លោកនឹងយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅប្រើប្រាស់ ដើម្បីជំរុញមន្ត្រីទាំងអស់នៅតាមច្រកទ្វារអន្តរជាតិ ធ្វើបដិសណ្ឋារកិច្ចកាន់តែល្អ ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិ។ លោកបន្ថែមថា ក្នុងនាមជាមន្ត្រីជួរមុខ លោកប្តេជ្ញាធ្វើយ៉ាងណាឲ្យភ្ញៀវសប្បាយចិត្ត និងឲ្យភ្ញៀវចងចាំរឿងល្អៗ ពាក់ព័ន្ធនឹងការងារបដិសណ្ឋារកិច្ចពួកគាត់។

សូមជម្រាបថា ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ»។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយយោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានកាតព្វកិច្ច និងត្រូវចូលរួមឱ្យសកម្មក្នុងចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» និងស្របតាមផែនទីចង្អុលផ្លូវរបស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA-GAME និង ASEAN PARA-GAME ២០២៣ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣»,។

ការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវ «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ» ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបដិសណ្ឋារកិច្ច នៅតាមច្រកទ្វារអន្តរជាតិ ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់រូប។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរ និងអ្នកដំណើរអាចចូលរួមផ្តល់មតិយោបល់កែលម្អលើគ្រប់ផ្នែកប្រតិបត្តិការ នៅតាមច្រកទ្វារ ដោយគ្រាន់តែចូលទៅក្នុងគេហទំព័រ www.cambodiabesthospitality.org ឬស្កេន QR CODE ដែលមានបិទផ្សាយនៅតាមច្រកទ្វារនីមួយៗ និងនៅគ្រប់មូលដ្ឋានអាជីវកម្មស្នាក់នៅទេសចរណ៍ទូទាំងប្រទេស។

ប្រព័ន្ធផ្តល់មតិយោបល់នេះ មានជម្រើសភាសាចំនួន ០៨ភាសា គឺ ភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងភាសាថៃ។ ទម្រង់ផ្តល់មតិយោបល់ចែកចេញជា ០៦ផ្នែក គឺ ទី១៖ កន្លែងត្រួតពិនិត្យមុនចូល(Check In) ទី២៖ កន្លែងអន្តោប្រវេសន៍ ទី៣៖ កន្លែងពិនិត្យ ឥវ៉ាន់យួរដៃ និងរាងកាយ X-Ray ទី៤៖ កន្លែងមន្ត្រីគយ ទី៥៖ កន្លែងចត្តាឡីស័ក និង ទី៦៖ ព័ត៌មានអំពីអ្នកផ្តល់យោបល់។

នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះផងដែរ ក្រសួងទេសចរណ៍ បានប្រគល់ជូនផ្លាក QR Code ស្តីពី «យុទ្ធនាការបដិសណ្ឋារកិច្ចល្អ ច្រកទ្វារអន្តរជាតិ» ជូនតំណាងច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវអាកាសចំនួន៣ ផ្លូវគោកចំនួន៤ និងផ្លូវទឹកចំនួន២ បានប្រគល់ជូនផ្ទាំង(Poster) QR code ស្តីពី «យុទ្ធនាការបដិសណ្ឋារកិច្ចល្អ ច្រកទ្វារអន្តរជាតិ» ដល់មន្ទីរទេសចរណ៍រាជធានីខេត្ត បិទផ្សាយនៅតាមសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដើម្បីផ្តល់ភាពងាយសម្រាប់ភ្ញៀវទេសចរ អាចចូលរួមវាយតម្លៃ ផ្តល់យោបល់កែលម្អពីការផ្តល់សេវា និងបដិសណ្ឋារកិច្ចនៅតាមច្រកទ្វារអន្តរជាតិដែលពួកគាត់បានឆ្លងកាត់ និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធបដិសណ្ឋារកិច្ចល្អ សម្រាប់ច្រកទ្វារអន្តរជាតិ» ដល់មន្ត្រីបង្គោលសរុបចំនួន ៩៨នាក់។

បើតាមលោកបណ្ឌិត ថោង ខុន ធ្លាប់បានលើកឡើងថា គិតត្រឹមរយៈពេល ១២ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ២៧ម៉ឺននាក់ កើនឡើង ១.០៥៨,៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១, ចំពោះភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ១៣លាន ៩៣ម៉ឺននាក់ កើនឡើងក្នុងអាត្រា ១៩៩%, និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១លាន ៨៨ម៉ឺននាក់ កើនឡើងក្នុងអាត្រាប្រមាណ ៥៧២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកបន្តថា «ចំណុចវិជ្ជមាននេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំងបានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្មក្នុងរយៈពេលកន្លងទៅ»

គួរបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី៣ សម្រាប់ឆ្នាំ២០២៣នេះ៕