(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។

សម្តេចក្រឡាហោម ស ខេង បានបន្ដថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបង្កឲ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា។

ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឲ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលជាហេតុធ្វើឲ្យបទល្មើសមានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់រហូតដល់ ៩២%។

ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ ថ្វីបើមានកំណើនបន្តិច បន្ទាប់ពីការបើកប្រទេសឲ្យដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ប៉ុន្តែអាជ្ញាធរបានកត់សម្គាល់ឃើញមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ក្នុងការគោរពច្បាប់ និងការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានោះ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់អគ្គិភ័យបឋមនៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក៏ដូចជាគោលដៅដែលមានហានិភ័យខ្ពស់ បានធ្វើឲ្យចំនួនអគ្គិភ័យ ត្រូវបានកាត់បន្ថយក្នុងអត្រាប្រមាណ ៨%៕