(ភ្នំពេញ)៖ «សិល្បៈគ្មានព្រំដែន» ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យ «ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេសដំបូងគេ ប្រចាំឆ្នាំ២០២៣» ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដោយមានការគាំទ្រពីក្រសួងវប្បធម៌កម្ពុជា និងក្រសួងវប្បធម៌ចក្រភពអង់គ្លេស រួមជាមួយនឹងវិទ្យាស្ថានតន្ត្រីទីក្រុងឡុងដ៍ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងបុរាណអង្គរ ដ៏អាថ៌កំបាំងនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈដ៏ធំអស្ចារ្យនេះបានចាប់ផ្តើម សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ នឹងបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈជាបន្តបន្ទាប់ ដើម្បីរៃអង្គាសថវិកាបន្ថែមទៀត ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍វិស័យវប្បធម៌ និងសិល្បៈខ្មែរ។

ក្នុងនាម សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដែលជាអ្នកបំពេញបេសកកម្មនៃសមាហរណកម្ម និងអភិវឌ្ឍន៍បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ និងបច្ចេកវិទ្យាទំនើបរបស់កម្ពុជា បានផ្តួចផ្តើម «ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ កម្ពុជា-ចក្រភពអង់គ្លេស ដំបូងគេ ប្រចាំឆ្នាំ២០២៣» នឹងបានគោរពអញ្ជើញព្រះនាងម្ចាស់ នរោត្តម ជេនណា ឯកអគ្គរាជទូតវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជាជាទូតសុច្ឆនៈនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ។

ក្នុងនោះក៏មានការចូលរួមពីសំណាក់សិល្បករ សិល្បការនីល្បីៗផ្សេងទៀត រួមមាន៖ លោក Julian Lloyd Webber ដែលជានាយកសាលាវិទ្យាស្ថានតន្ត្រីនៅទីក្រុង Birmingham និងជាស្ថាបនិកនៃកម្មវិធីអប់រំតន្ត្រី In Harmony និងជាអ្នកដឹកនាំក្រុមភ្លេង អ្នកអត្ថាធិប្បាយ ព្រមទាំងជាតន្រ្តីករសែលឡូ(Cello)នៃចក្រភពអង់គ្លេស។

លោក Mark Messenger អ្នកលេងវីយូឡុង អ្នកដឹកនាំក្រុមភ្លេង អ្នកអប់រំ ទីប្រឹក្សានៃ Norwegian Academy និងជាប្រធាននាយកដ្ឋានឧបករណ៍តន្រី្តខ្សែនៃវិទ្យាស្ថានតន្ត្រីនៅទីក្រុងឡុងដ៍។

កញ្ញា Elly Suh ដែលមានទេពកោសល្យ និងពោរពេញដោយមន្តស្នេហ៍សិល្បៈ ជនជាតិកូរ៉េ-អាមេរិក និងជាអ្នកនិពន្ធ អ្នករៀបរៀងទំនុកភ្លេង ព្រមទាំងជាតន្រ្តីករវីយូឡុងផងដែរ។ រួមទាំងក្រុមសិល្បករវ័យក្មេង ដែលមកពីនាយកដ្ឋាន សិល្បៈខ្មែរ មានដូចជា សិល្បកររបាំអប្សរា សិល្បករល្ខោនខោល សិល្បកររបាំព្រះរាជទ្រព្យ និងសិល្បករល្ខោនស្បែកបានធ្វើការសម្តែងជូនទស្សនា។ ក្នុងដំណើរការនៃ «ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេស ដំបូងគេប្រចាំឆ្នាំ២០២៣» នេះ ទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសំណាក់ភ្ញៀវកិត្តិយសដែលមានវត្តមាន និងអ្នកស្រលាញ់វិស័យសិល្បៈ ដោយបានលើកឡើងថា ជាព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈដ៏អស្ចារ្យមួយ របស់កម្ពុជា។

តាំងពីយូរលង់ណាស់មកហើយ ប្រទេសកម្ពុជាជាប្រទេសអាថ៌កំបាំង និងបុរាណមួយដែលមិនសូវបានយកចិត្តទុកដាក់លើវិស័យវប្បធម៌ និងសិល្បៈ ហើយអរិយធម៌ខ្មែរដ៏យូរលង់នេះមិនបានបង្ហាញពីភាពរុងរឿងរបស់ខ្លួន ពេញលេញឡើយ។ ក្នុងនាមជា «សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ» ដែលមានតួនាទីសំខាន់ក្នុងការបន្តមរតកវប្បធម៌ និងសិល្បៈប្រពៃណីកម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរ ក៏ដូចជាការរួមបញ្ចូលគ្នានៃវប្បធម៌ សិល្បៈប្រពៃណីបូព៌ា និងលោកខាងលិច ព្រមទាំងបង្កើតទំនាក់ទំនងរវាងអរិយធម៌លោកខាងលិច និងអរិយធម៌ខ្មែរ។

វាមិនត្រឹមតែជាតម្រូវការនៃការផ្លាស់ប្តូរសិល្បៈរវាងបូព៌ា និងលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតម្រូវការក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ និងការរស់ឡើងវិញនៃវប្បធម៌ សិល្បៈ ព្រមទាំងឧស្សាហកម្មទេសចរណ៍ ហើយវាក៏ជា តម្រូវការសម្រាប់ការរីកចម្រើនឥតឈប់ឈរនៃសិល្បៈរបស់ពិភពលោកផងដែរ។

នាពេលខាងមុខ «សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ» នឹងបន្តសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈខ្មែរជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា និងសិល្បករ និងអ្នកស្រឡាញ់វិស័យសិល្បៈ ដែលមកពីជុំវិញពិភពលោក ទទួលយកបទពិសោធន៍នៃភាពទាក់ទាញរបស់សិល្បៈបូព៌ា និងបស្ចិមប្រទេស និងកាន់តែជិតស្និទ្ធថែមទៀត៕